(បាងកក)៖ នៅថ្ងៃសុក្រនេះ តុលាការក្នុងប្រទេសថៃ បានបង្គាប់ឱ្យរដ្ឋាភិបាលរៀបចំផែនការជាបន្ទាន់មួយ ឱ្យបាននៅក្នុងរយៈពេល៩០ថ្ងៃ ដើម្បីកាត់បន្ថយការបំពុលខ្យល់អាកាស ដែលជាបញ្ហាចម្បងមួយ សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។
អំលុងពេលប៉ុន្មានខែដំបូងៗជារៀងរាល់ឆ្នាំ គុណភាពខ្យល់អាកាសនៅប្រទេសថៃ តែងតែធ្លាក់ចុះដុនដាបខ្លាំង ដោយសាផ្សែងបង្កឡើង ដោយសកម្មភាពដុតកាកសំណល់ នៃវិស័យកសិកម្ម បូករួមជាមួយការបញ្ចេញចំហេះពុលពីវិស័យឧស្សាហកម្ម និងពីបំពង់ស៉ីម៉ាំងយានយន្ត។ កាលពីឆ្នាំ២០២៣ រាជធានីបាងកកព្រមទាំងទីក្រុង Chiang Mai នៅភាគខាងជើងប្រទេស បានជាប់ឈ្មោះម្តងហើយម្តងទៀត ក្នុងចំណោមក្រុមទីក្រុង ដែលរងការបំពុលខ្យល់ធ្ងន់ធ្ងរជាងគេបង្អស់លើពិភពលោក ជាហេតុនាំឱ្យមនុស្សមួយក្រុម នាំយកបញ្ហានេះឡើងដល់តុលាការ ដើម្បីជំរុញឱ្យខាងរដ្ឋាភិបាលធ្វើសកម្មភាពជាបន្ទាន់។
តុលាការនៅទីក្រុង Chiang Mai នាថ្ងៃសុក្រនេះ បានចេញសេចក្តីបង្គាប់ឱ្យគណៈកម្មការជាតិផ្នែកបរិស្ថាន ធ្វើយ៉ាងណាក្នុងពេល៩០ថ្ងៃ បង្ហាញមធ្យោបាយទប់ស្កាត់ ដើម្បីដោះស្រាយបញ្ហាបំពុលខ្យល់ ទាំងសម្រាប់រយៈពេលខ្លី និងរយៈពេលវែង។ តុលាការបានសម្រេចថា រដ្ឋាភិបាលមុនរបស់អតីតនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា មិនបានអើពើចំពោះភារកិច្ចរបស់ខ្លួន និងធ្វើសកម្មភាពរហ័សគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហានេះទេ។ ចំណែក រដ្ឋាភិបាលថៃបច្ចុប្បន្ន របស់នាយករដ្ឋមន្រ្តី លោក សេដ្ឋា ថាវីស៉ីន ដែលបានឡើងកាន់អំណាចកាលពីខែសីហា ឆ្នាំមុន បានសន្យាថា នឹងដោះស្រាយបញ្ហាបំពុលខ្យល់នេះ ក្នុងនាមជារបៀបវារៈថ្នាក់ជាតិមួយ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃសុក្រនេះ យោងតាមក្រុមហ៊ុនតាមដានគុណភាពខ្យល់អាកាសពិភពលោក IQAir ទីក្រុងបាងកករបស់ថៃ ស្ថិតនៅលេងរៀងទី១០ នៃបញ្ជីឈ្មោះទីក្រុង ដែលមានគុណភាពខ្យល់អាក្រក់បំផុត នៅជុំវិញពិភពលោក៕
រូបភាពពី Reuters