(តូក្យូ)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិក និងជប៉ុន នឹងសម្លឹងរកលទ្ធភាពប្រើប្រាស់កន្លែងផលិតកប៉ាល់របស់ជប៉ុន ដើម្បីធ្វើជាកន្លែងជួសជុលនាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក ដែលមកល្បាតនៅលើដែនទឹកនៃតំបន់អាស៉ីបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។

ការធ្វើកំណែទម្រង់នៅក្នុងប្រទេសជប៉ុន អាចឲ្យសហរដ្ឋអាមេរិករក្សាទុកនាវាចម្បាំងរបស់ខ្លួនបន្ថែមទៀត ដើម្បីត្រៀមលក្ខណៈប្រយុទ្ធ ក្នុងតំបន់អាស៉ីបូព៌ា។ បច្ចប្បន្ន កងទ័ពជើងទឹកអាមេរិក ត្រូវបញ្ជូននាវារបស់ខ្លួនមកកាន់កន្លែងផលិតក្នុងស្រុកវិញ ដើម្បីជួសជុល ដោយឆ្លងកាត់មហាសមុទ្រប៉ាស៉ីហ្វិក។ ជាមួយគ្នានេះ កងទ័ពជើងទឹកអាមេរិក ក៏ត្រូវការបង្កើនសមត្ថភាពថែទាំ ទៅតាមការពង្រីកវត្តមាន នៃកងនាវារបស់ខ្លួន ក្នុងរយៈពេលច្រើនឆ្នាំទៅមុខទៀត។

គួរបញ្ជាក់ថា ជប៉ុនជាកន្លែងដែលមានវត្តមានយោធាអាមេរិក នៅឯក្រៅប្រទេសដ៏ធំបំផុត ក្នុងនោះរួមមានទាំង ក្រុមនាវាយោធាដឹកនាំ​ដោយនាវាផ្ទុកយន្តហោះ ដែលធ្វើប្រតិបត្តិការចេញពីទីក្រុង Yokosuka។ អង្គភាព Seventh Fleet របស់កងទ័ពជើងទឹកអាមេរិក ដែលគ្រប់គ្រងកងនាវាចម្បាំងនោះ គឺធ្វើប្រតិបត្តិការនាវាចម្បាំងនិងនាវាមុជទឹក សរុបរហូតដល់ ៧០គ្រឿង ហើយភាគច្រើន មានមូលដ្ឋាននៅជប៉ុន៕

រូបភាពពី Reuters