(អ៉ីស្លាម៉ាបាដ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Murtaza Solangi បានឲ្យដឹងថា មន្រ្តីកំពូលៗទាំងស៉ីវិល និងយោធា នឹងធ្វើការត្រួតពិនិត្យលើកិច្ចការសន្តិសុខ នៅថ្ងៃសុក្រនេះ ស្តីពីការប្រឈមមុខដាក់គ្នាជាមួយអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។

លោក Solangi បានប្រាប់ Reuters តាមទូរស័ព្ទថា នាយករដ្ឋមន្រ្តីចាំផ្ទះ លោក Anwaar ul Haq Kakar នឹងធ្វើជាប្រធានកិច្ចប្រជុំនៃគណៈកម្មាធិការសន្តិសុខជាតិ ដោយមានថ្នាក់ដឹកនាំយោធាគ្រប់អង្គភាពចូលរួម។ លោក Solangi បានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលដៅត្រួតពិនិត្យទៅលើកិច្ចការសន្តិសុខជាតិ បន្ទាប់ពីឧប្បត្តិហេតុអ៉ីរ៉ង់-ប៉ាគីស្ថាន។ លោក Kakar បានប្រញាប់បញ្ចប់ដំណើរទស្សនកិច្ចនៅទីក្រុង Davos មុនការគ្រោងទុក ហើយត្រលប់មកដល់ប្រទេសវិញ កាលពីថ្ងៃព្រហស្បតិ៍។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាមួយប្រាវវាងប្រទេសទាំងពីរ គឺជាសកម្មភាពបំពានឆ្លងព្រំដែនដ៏គួរឲ្យភ្ញាក់ផ្អើល មិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនាំឲ្យមានការព្រួយបារម្ភអំពីអស្ថិរភាពកាន់តែខ្លាំង នៅក្នុងតំបន់មជ្ឈិមបូព៌ាចាប់តាំងពីសង្គ្រាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា៕

រូបភាពពី Reuters