(ហ៊្សេរុយសាឡិម)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា យោធាប្រទេសរបស់លោក បានកម្ទេចអស់ប្រមាណជា២ភាគ៣ហើយ នៃកម្លាំងអ្នកប្រយុទ្ធរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន (Hamas) នៅឯតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ហើយបានប្តេជ្ញាថា នឹងបន្តសង្រ្គាមទៅមុខទៀត រហូតទាល់តែទទួលបានជ័យជម្នះទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។

ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតែលអាវីវ លោក Netanyahu បាននិយាយយ៉ាងដូច្នេះថា «ការប្រយុទ្ធគ្នាមាន២ដំណាក់កាល។ ទី១ គឺដំណាក់កាលកម្ទេច កងវរសេនាធំរបស់ហាម៉ាស ដែលជាកងកម្លាំងអ្នកប្រយុទ្ធរបស់ពួកគេ។ រហូតមកទល់ពេលនេះ ១៦កងហើយ ក្នុងចំណោមកងវរសេនាធំហាម៉ាស សរុបចំនួន២៤ ត្រូវបានកម្ទេច។ បន្ទាប់ពីនេះ នឹងឈានដល់ដំណាក់កាល នៃការបោសសម្អាត​ក្រុមសកម្មប្រយុទ្ធចេញពី Gaza។ សកម្មភាពទី១ ជាទូទៅគឺមានរយៈពេលខ្លីជាង ខណៈសកម្មភាពទី២ ជាធម្មតានឹងត្រូវប្រើពេលយូរជាង»

លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានបន្តថា កងទ័ពអ៉ីស្រាអែលដែលបានបាត់បង់ជីវិត នឹងមិនស្លាប់ទៅដោយឥតន័យនោះឡើយ ហើយ​លោកបានប្តេជ្ញាថា សង្រ្គាមនឹងបន្តទៅមុខរហូតទាល់តែ ក្រុមហាម៉ាសទាំងមូលត្រូវបានយកឈ្នះ រីឯចំណាប់ខ្មាំងដែលនៅសេលសល់​ក្នុងតំបន់ Gaza ត្រូវបានជួយសង្រ្គោះមកវិញ។ លោក Netanyahu បានសង្កត់ធ្ងន់ដូច្នេះថា «ជ័យជម្នះនឹងត្រូវការពេលវេលាច្រើនខែ ប៉ុន្តែយើងមានការតាំងចិត្តខ្ពស់ ដើម្បីសម្រេចវាឱ្យខាងតែបាន»

គួរបញ្ជាក់ថា សង្រ្គាមនៅ Gaza បានចាប់ផ្តើមដំបូង នៅពេលដែលក្រុមហាម៉ាស បានបើកការឆ្មក់វាយលុកទ្រង់ទ្រាយធំ មិនធ្លាប់មានលើ​ភាគខាងត្បូងអ៉ីស្រាអែលមុន ជាហេតុបង្កឱ្យមានមនុស្សស្លាប់១,១៤០នាក់ ភាគច្រើនជាជនស៉ីវិល។ ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ក៏បានចាប់​មនុស្សប្រហែល២៥០នាក់ យកទៅតំបន់ Gaza នាពេលនោះ ដើម្បីធ្វើជាចំណាប់ខ្មាំងផងដែរ។ បើតាមអ៉ីស្រាអែល ចំណាប់ខ្មាំង១៣២នាក់ បន្តស្ថិតក្នុង Gaza នៅឡើយ រួមបញ្ចូលទាំងចំណាប់ខ្មាំង យ៉ាងហោច២៥នាក់ ដែលបានស្លាប់។ សម្រាប់ខាង​ Gaza វិញ គឺជនជាតិប៉ាឡេស្ទីនសរុបកើនដល់ ២៤,៦២០នាក់ហើយ បានស្លាប់ក្នុងសង្រ្គាមសងសឹករបស់អ៉ីស្រាអែល៕

រូបភាពពី Reuters