(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៉ីន (Srettha Thavisin) បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលរបស់លោក នឹងបោះជំហានទៅមុខ ជាមួយផែនការចម្បងរបស់ខ្លួន គឺគម្រោងចែកចាយថវិកាឧបត្ថម្ភ ដល់ប្រជាជនតាមកាបូបឌីជីថល ប៉ុន្តែវាអាចនឹងត្រូវពន្យារពេល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។

លោក សេដ្ឋា បានអះអាងថា ផែនការនេះជាចំណាត់ការដ៏ចាំបាច់មួយ ដើម្បីជួយរុញច្រានកំណើនសេដ្ឋកិច្ចរបស់ប្រទេស ដែលកំពុងមានភាពយឺតយ៉ាវ ប៉ុន្តែលោកមិនបានផ្តល់ ពេលវេលាជាក់លាក់នោះទេ។ ដោយឡែក ក្នុងសប្តាហ៍នេះ មន្រ្តីរដ្ឋាភិបាលថៃម្នាក់បានបង្ហើបឱ្យដឹងថា វានឹងត្រូវពន្យារពេលលើសពីខែឧសភា។ កម្មវិធីកាបូបឌីជីថលខាងលើ ដែលដំបូងឡើយគ្រោងចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំនេះ បានប្រឈម​ជាមួយក្តីកង្វល់ថា តើវានឹងត្រូវទ្រទ្រង់មូលនិធិដោយរបៀបណា ខណៈក្រុមអ្នកជំនាញមួយចចំនួនចាត់ទុកវាថា ជាការខ្ជះខ្ជាយថវិការដ្ឋ។

គួរបញ្ជាក់ថា យ៉ាងណាមិញ ខាងរដ្ឋាភិបាលថៃបានអះអាងថា គម្រោងខាងលើដែលនឹងផ្ទេរប្រាក់ចំនួន១០,០០០បាត ស្មើខ្ទង់២៨៥ដុល្លារ ទៅកាន់ប្រជាជនថៃចំនួន៥០លាននាក់ តាមកម្មវិធីទូរស័ព្ទដៃ ដើម្បីយកទៅចំណាយក្នុងសហគមន៍របស់ពួកគេ គឺនឹងត្រូវគ្រប់គ្រងចាត់ចែងដោយ​ប្រយ័ត្នប្រយែងបំផុត។ នៅថ្ងៃសុក្រនេះ លោក សេដ្ឋា បានលើកឡើងថា រដ្ឋាភិបាលលោកមានទិន្នន័យគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថាផែនការនេះ គឺសមតម្លៃក្នុងការអនុវត្ត ហើយនឹងត្រូវធានាមិនឱ្យមានអំពើពុករលួយឡើយ៕

រូបភាពពី Reuters