(សាណា)៖ មន្រ្តីជាន់ខ្ពស់ម្នាក់នៃក្រុមហ៊ូទីយេម៉ែន (Houthi) បានសន្យាអនុញ្ញាតឱ្យកប៉ាល់របស់ប្រទេសចិននិងរុស្ស៉ី ធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រក្រហមដោយសុវត្ថិភាព ខណៈវាគឺជាទីដែលក្រុមឧទ្ទាមនេះ បាននិងកំពុងធ្វើសកម្មភាពវាយប្រហារទៅលើកប៉ាល់ពាណិជ្ជកម្ម ដើម្បីសម្តែងការគាំទ្រដល់ជនជាតិប៉ាឡេស្ទីន នៅឯតំបន់ហ្កាហ្សាស្រ្ទីប (Gaza) ដែលរងគ្រោះដោយសារសង្រ្គាមរបស់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។
ក្នុងបទសម្ភាសមួយដែលចេញផ្សាយដោយ សារព័ត៌មានរុស្ស៉ី Izvestia នាថ្ងៃសុក្រនេះ មន្រ្តីជាន់ខ្ពស់ហ៊ូទី ឈ្មោះ Mohammed al-Bukhaiti បានអះអាងថា ដែនទឹកនៅក្បែរប្រទេសយេម៉ែន ដែលក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន បានសម្រេចចិត្តចៀសវាងធ្វើដំណើរ ដោយសារតែសកម្មភាពវាយប្រហាររបស់ពួកគេ គឺមានសុវត្ថិភាពដរាបណាកប៉ាល់ទាំងនោះ ពុំមានទំនាក់ទំនងជាមួយប្រទេសមួយចំនួន ជាពិសេសអ៉ីស្រាអែល។
មន្រ្តីហ៊ូទីខាងលើបានលើកដូច្នេះថា «សម្រាប់បណ្តាប្រទេសផ្សេងទៀត រួមទាំងចិននិងរុស្ស៉ី គឺកប៉ាល់ដឹកជញ្ជូនរបស់ពួកគេនៅក្នុងតំបន់ មិនស្ថិតក្រោមការគំរាមកំហែងឡើយ។ ម៉្យាងវិញទៀតនោះ ពួកយើងត្រៀមខ្លួនជាស្រេច ដើម្បីធានាសុវត្ថិភាពចំពោះ ការធ្វើដំណើររបស់កប៉ាល់ពួកគេនៅតំបន់សមុទ្រក្រហម ដ្បិតសេរីភាពនៃការធ្វើនាវាចរណ៍ ដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រទេសរបស់យើង។ យ៉ាងណាក្តី ការវាយប្រហារលើកប៉ាល់នានា ដែលមានទំនាក់ទំនងជាមួយអ៉ីស្រាអែល នឹងនៅតែបន្ត»។
ថ្មីៗនេះ ក្រុមឧទ្ទាមហ៊ូទី ដែលកាន់កាប់ទឹកដីភាគច្រើននៃប្រទេសយេម៉ែន និងមានអ៉ីរ៉ង់ជាខ្នងបង្អែកពីក្រោយ បាននិយាយថា កប៉ាល់ទាំងឡាយ ដែលមានទំនាក់ទំនងជាមួយ សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ក៏អាចជាគោលដៅវាយប្រហារផងដែរ បន្ទាប់ពីប្រទេសទាំងពីរបានរួមគ្នា បើកការវាយប្រហារតាមផ្លូវអាកាសនៅយេម៉ែន ឆ្លើយតបសកម្មភាពវាយប្រហារម្តងហើយម្តងទៀតរបស់ពួកហ៊ូទី លើកប៉ាល់ពាណិជ្ជកម្មនៅសមុទ្រក្រហម។ នៅថ្ងៃសុក្រនេះ ក្រុមហ៊ូទីបានអះអាងពីការវាយប្រហារលើ កប៉ាល់មួយគ្រឿងរបស់អាមេរិក បន្ទាប់ពីសហរដ្ឋអាមេរិក បានវាយប្រហារតាមផ្លូវអាកាសបន្ថែមទៀត លើគោលដៅពួកឧទ្ទាមនេះ កាលពីថ្ងៃព្រហស្បតិ៍។
គួរបញ្ជាក់ថា ក្រុមហ៊ូទីបានចាប់ផ្តើមសកម្មភាពវាយប្រហារ នៅឯតំបន់សមុទ្រក្រហម ដែលជាច្រកដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់បំផុតមួយរបស់ពិភពលោក ចាប់តាំងតែពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ Gaza បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕
រូបភាពពី AFP