(ម៉ានីល)៖ អ្នកនាំពាក្យយោធាហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឱ្យដឹងថា ប្រទេសអាស៊ានមួយនេះ នៅតែកំពុងពិចារណាថា តើគួរទិញនាវាមុជទឹកដំបូងបង្អស់ដែរ ឬយ៉ាងណា ខណៈវានឹងអាចជួយបង្កើនសមត្ថភាពធំ ដល់កងទ័ពជើងទឹករបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។

លោកស្រី Francel Margareth Padilla អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វីលីពីន បាននិយាយដូច្នេះថា «ពួកយើងនៅ​តែកំពុងពិចារណាលើ ការទិញនាវាមុជទឹកមួយគ្រឿង ប៉ុន្តែកិច្ចពិភាក្សាជុំវិញរឿងនេះ គឺត្រូវឆ្លងកាត់ការពិនិត្យវាយតម្លៃយ៉ាងយកចិត្តទុកដាក់»។ យ៉ាងណាមិញ អ្នកនាំពាក្យយោធាហ្វីលីពីន មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ។

កាលពីខែឧសភា ឆ្នាំ២០២៣ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថា ប្រទេសរបស់លោកទទួលបាន​សំណើលក់នាវាមុជទឹកពីប្រទេសផ្សេងៗគ្នា ដោយមិនបញ្ជាក់ឈ្មោះចំនោះទេ ប៉ុន្តែលោកបានទទួលស្គាល់ថា ការធ្វើប្រតិបត្តិការនាវាមុជទឹក គឺជាការប្តេជ្ញាដ៏ធំមួយ ហើយលោកចង់ផ្តោតនៅចំពោះមុខ លើការអភិវឌ្ឍសមត្ថភាពប្រឆាំងនាវាមុជទឹក ជាមុនសិន។

គួរបញ្ជាក់ថា ប្រទេសអាស៊ានជិតខាង ដូចជាឥណ្ឌូណេស៉ីនិងវៀតណាម គឺមានកម្មវិធីនាវាមុជទឹករួចអស់ទៅហើយ។ ហ្វីលីពីន មានផែនការមួយ ​រយៈពេល១៥ឆ្នាំ ដែលបានចាប់ផ្តើមតាំងតែពីឆ្នាំ២០១៣ ដើម្បីធ្វើទំនើបកម្មបរិក្ខារយោធានិងសព្វាវុធចាស់ៗរបស់ខ្លួន ដែលរួមមានទាំង​នាវាចម្បាំង សល់ពីសម័យសង្រ្គាមលោកលើកទី២ ព្រមទាំងឧទ្ធម្ភាគចក្រ ដែលប្រើប្រាស់ដោយសហរដ្ឋអាមេរិក ក្នុងសង្រ្គាមវៀតណាម៕

រូបភាពពី Reuters