(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានទទូចឱ្យអ៉ីរ៉ង់និងប៉ាគីស្ថាន រក្សាភាពអត់ធ្មត់ជាអតិបរមា ដើម្បីចៀសវាងបង្កើន ភាពតានតឹងកាន់តែខ្លាំងថែមទៀត ក្រោយប្រទេសជិតខាងទាំងពីរ បានវាយប្រហារតាមផ្លូវអាកាសលើគ្នា ទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។
លោក Stephane Dujarric ដែលជាអ្នកនាំពាក្យលោក Guterres បាននិយាយយ៉ាងដូច្នេះថា «លោកអគ្គលេខាធិការ UN បានសង្កត់ធ្ងន់ថា ក្តីកង្វល់ផ្នែកសន្តិសុខទាំងអស់រវាងប្រទេសទាំងពីរ ចាំបាច់ត្រូវតែដោះស្រាយដោយសន្តិវិធី គឺតាមរយៈកិច្ចសន្ទនា និងកិច្ចហសប្រតិបត្តិការ ដែលស្របទៅតាមគោលការណ៍នៃអធិបតេយ្យ បូរណភាពទឹកដី និងទំនាក់ទំនងល្អរវាងអ្នកជិតខាង»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប៉ាគីស្ថានបានវាយប្រហារតាមផ្លូវអាកាស លើក្រុមសកម្មប្រយុទ្ធ ដែលស្ថិតនៅក្នុងទឹកដីរបស់ប្រទេសអ៉ីរ៉ង់ ដើម្បីសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃអង្គាររបស់អ៉ីរ៉ង់ ដែលទីក្រុងតេហេរ៉ង់បាននិយាយថា មានគោលដៅលើ ពួកសកម្មប្រយុទ្ធមួយក្រុមផ្សេងទៀត ដែលស្ថិតក្នុងទឹកដីប៉ាគីស្ថាន។ ខាងប៉ាគីស្ថាន បានអះអាងថា មនុស្ស២នាក់បានស្លាប់ ដោយសារការវាយប្រហាររបស់អ៉ីរ៉ង់ មកលើទឹកដីរបស់ខ្លួន ខណៈខាងអ៉ីរ៉ង់ បានអះអាងថា មនុស្សក្នុងទឹកដីខ្លួនយ៉ាងហោច៩នាក់ បានបាត់បង់ជីវិត ដោយសារការវាយប្រហាររបស់ប៉ាគីស្ថាន៕
រូបភាពពី Reuters