(វ៉ាស៉ីនតោន)៖ យោធាសហរដ្ឋអាមេរិក បាននិយាយថា ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ បានបាញ់មីស៉ីលផ្លោងប្រឆាំងនាវា ២គ្រាប់មកលើកប៉ាល់ដឹកប្រេងដែលមានម្ចាស់ជាជនជាតិអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយមីស៉ីលនោះបានធ្លាក់ចូលទៅក្នុងទឹកក្បែរកប៉ាល់ ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួស ឬបង្កការខូចខាតនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។

ទីបញ្ជាការកណ្តាលយោធាអាមេរិក បានឲ្យដឹងតាមបណ្តាញសង្គម X ថា ឧបទ្ទវហេតុថ្មីចុងក្រោយចំពោះមុខភាពតានតឹងនៅឯតំបន់សមុទ្រក្រហម ដែលបាននិងកំពុងបង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ កើតឡើងកាលពីវេលាម៉ោង ៩យប់ (ម៉ោងក្នុងតំបន់)។ ចំណែក ក្រុមហ៊ូទីរបស់យេម៉ែន ក៏បានចេញមុខទទួលស្គាល់ការវាយប្រហារនេះ ដោយនិយាយថា ពួកគេកំណត់គោលដៅលើកប៉ាល់ Chem Ranger ជាមួយមីស៉ីលរបស់កងទ័ពជើងទឹកដែលអាចវាយប្រហារចំទីតាំង។

គួរបញ្ជាក់ថា ការវាយប្រហាររបស់ក្រុមហ៊ូទីទៅលើកប៉ាល់ពាណិជ្ជកម្មទាំងនៅក្នុង និងជុំវិញតំបន់សមុទ្រក្រហមច្រើនសប្តាហ៍កន្លងមក នាំឲ្យការធ្វើពាណិជ្ជកម្មរវាងតំបន់អាស៉ី និងអឺរ៉ុបមានភាពយឺតយ៉ាវ ក៏ដូចជាបង្កការព្រួយបារម្ភកាន់តែខ្លាំងសម្រាប់ប្រទេសមហាអំណាច អំពីការកើនឡើងនៃសង្គ្រាមនៅតំបន់ហ្គាហ្សា៕

រូបភាពពី Reuters