(ហ្គាហ្សា)៖ កងកម្លាំងអ៉ីស្រាអែល បានបន្តវាយលុកលើទីក្រុងធំមួយនៅភាគខាងត្បូងតំបន់ហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយត្រូវចំតំបន់ជាច្រើនក្បែរមន្ទីរពេទ្យដ៏សំខាន់ ខណៈលោកនាយករដ្ឋមន្រ្តីអ៉ីសា្រអែល Benjamin Netanyahu ប្តេជ្ញាធ្វើសង្រ្គាមច្រើនខែទៀតរហូតដល់សម្រេចបានគោលដៅកម្ទេចក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។

អ្នកស្រុកបានពណ៌នាអំពីការប្រយុទ្ធគ្នា និងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លានៅភាគខាងជើង និងខាងកើតនៃទីក្រុង ហើយជាលើកដំបូងនៅភាគខាងលិច។ ការប្រយុទ្ធគ្នាបានកើតឡើងនៅក្នុងបរិវេណមន្ទីរពេទ្យ Nasser ជាមន្ទីរពេទ្យធំមួយក្នុងតំបន់ដែលនៅមានដំណើរការ។ មន្ទីរពេទ្យនេះ បានទទួលអ្នករបួសរាប់រយនាក់ក្នុងមួយថ្ងៃ ដែលត្រូវសម្រាកព្យាបាលនៅលើឥដ្ឋផ្ទាល់ ចាប់តាំងពីការប្រយុទ្ធគ្នាប្តូរទៅភាគខាងត្បូងកាលពីខែធ្នូ ឆ្នាំ២០២៣។

ក្រុមមន្ត្រីអ៉ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសថា បានធ្វើប្រតិបត្តិការចេញពីមន្ទីរពេទ្យ Nasser ប៉ុន្តែបុគ្គលិកនៅនោះបានបដិសេធ។ យោធាអ៉ីស្រាអែលនិយាយថា កងពលតូចមួយនៅក្នុង Khan Younis ដែលឥឡូវនេះកំពុងប្រតិបត្តិការនៅភាគខាងត្បូង បានកម្ចាត់ភេរវករ (ហាម៉ាស) រាប់សិបនាក់នៅក្នុងការប្រយុទ្ធជាង ៣ខែ និងដោយមានជំនួយពីការបាញ់រថក្រោះ និងការគាំទ្រផ្លូវអាកាស។ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោនេះ ក្រុមអ្នកប្រយុទ្ធហាម៉ាសចំនួន ៦០នាក់ត្រូវបានសម្លាប់ ដែលរួមមាន ៤០នាក់នៅក្នុងទីក្រុង Khan Younis។

គួរបញ្ជាក់ថា សមរភូមិដែលមានសភាពធ្ងន់ធ្ងរបំផុត កំពុងដំណើរការនៅទីក្រុង Khan Younis ជាទីផ្តល់ជម្រកសម្រាប់មនុស្សរាប់សែននាក់ ដែលភៀសខ្លួនចេញពីភាគខាងជើងកាលពីដើមទីនៃសង្រ្គាម ដោយឥឡូវនេះចូលមកដល់ខែទី ៤ហើយ៕

រូបភាពពី Reuter