(ដាវ៉ូស)៖ ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការធ្វើឱ្យមានទំនាក់ទំនងមានភាពប្រក្រតីរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត គឺជាធាតុសំខាន់មួយដើម្បីបញ្ចប់សង្រ្គាមជាមួយក្រុមហាម៉ាស់ និងជាការផ្លាស់ប្តូរហ្គេមសម្រាប់មជ្ឈិមបូព៌ាទាំងមូល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

លោក Herzog បានសង្កត់ទៀតថា «វា (ការធ្វើឲ្យទំនាក់ទំនងមានប្រក្រតី) នៅតែមានភាពរសើប ផុយស្រួយ ហើយវានឹងចំណាយពេលយូរ ប៉ុន្តែខ្ញុំគិតថាវាពិតជាឱកាសមួយដើម្បីជំរុញពិភពលោក និងតំបន់ឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរ»

ការលើកឡើងបែបនេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Faisal bin Farhan បានប្រកាសនៅវេទិកាទីក្រុងដាវ៉ូសថា អារ៉ាប៊ីសាអូឌីតបានយល់ស្របថា «សន្តិភាពក្នុងតំបន់រួមបញ្ចូលសន្តិភាពសម្រាប់អ៊ីស្រាអែលផងដែរ»។ លោកបាននិយាយថា អារ៉ាប៊ីសាអូឌីតនឹង «ប្រាកដណាស់» ទទួលស្គាល់អ៊ីស្រាអែលជាផ្នែកនៃកិច្ចព្រមព្រៀងនយោបាយធំជាងនេះ។

លោកបានបន្ថែមថា «ប៉ុន្តែនេះអាចកើតឡើងទៅបាន ទាល់តែតាមរយៈការបង្កើតរដ្ឋប៉ាឡេស្ទីនតែប៉ុណ្ណោះ»

រដ្ឋមន្ត្រីអាមេរិក លោក Anthony Blinken ក៏បានសង្កត់ធ្ងន់ផងដែរ នៅក្នុងសុន្ទរកថារបស់លោកនៅទីក្រុងដាវ៉ូសថា មាគ៌ានៃការបង្កើតរដ្ឋសម្រាប់ប៉ាឡេស្ទីន អាចជួយកែលម្អសន្តិសុខរបស់អ៊ីស្រាអែល និងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់។

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋាភិបាលស្តាំនិយមរបស់លោក ប្រឆាំងនឹងគំនិតនៃដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន៕