(ហ្សឺណែវ)៖ បញ្ញាសិប្បនិម្មិតជំនាន់ក្រោយអាចផ្លាស់ប្តូរការថែទាំសុខភាព តាមរយៈការអភិវឌ្ឍន៍ថ្នាំ និងការធ្វើរោគវិនិច្ឆ័យលឿនជាងមុនក្នុងចំណោមវិធីសាស្ត្រផ្សេងទៀត ប៉ុន្តែអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសង្កត់ធ្ងន់ថា គួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះហានិភ័យរបស់វា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

អង្គការសុខភាពពិភពលោក បាននិងកំពុងសិក្សាពីគ្រោះថ្នាក់ និងអត្ថប្រយោជន៍ដែលអាចកើតមាន នៃគំរូពហុមុខងារធំនៃបញ្ញាសិប្បនិម្មិត (LMMs) ដែលមានលក្ខណៈថ្មី និងកំពុងត្រូវបានអនុម័តយ៉ាងឆាប់រហ័សក្នុងវិស័យសុខាភិបាល។

អង្គការសុខភាពពិភពលោក​ (WHO) បាននិយាយថា «វាត្រូវបានគេព្យាករណ៍ថា គំរូ LMMs នឹងមានការប្រើប្រាស់ និងអនុវត្ត យ៉ាងទូលំទូលាយនៅក្នុងការថែទាំសុខភាព ការស្រាវជ្រាវវិទ្យាសាស្ត្រ សុខភាពសាធារណៈ និងការអភិវឌ្ឍន៍ថ្នាំ»

ទោះបីជាមានសក្តានុពលបែបនេះក៏ដោយ WHO ព្រមានថា មានហានិភ័យចំពោះលទ្ធផលដែលទទួលបានពីការកត់ត្រាទុករបស់ប្រព័ន្ធ LMMs អាចបង្កើតលទ្ធផលមិនពិត មិនត្រឹមត្រូវ លំអៀង ឬមិនពេញលេញ។​ ហើយវាក៏អាចត្រូវបានបណ្តុះបណ្តាលលើទិន្នន័យដែលមានគុណភាពអន់ ឬទិន្នន័យដែលមានភាពលំអៀងទាក់ទងនឹងពូជសាសន៍ ជាតិសាសន៍ ពូជពង្ស ភេទ អត្តសញ្ញាណយេនឌ័រ ឬអាយុជាដើម។

អង្គការ WHO បានព្រមានដូច្នេះថា «នៅពេលដែល គំរូបញ្ញាសប្បនិម្មិត LMMs ទទួលបានការប្រើប្រាស់កាន់តែទូលំទូលាយក្នុងការថែទាំសុខភាព ការប្រើប្រាស់ខុស និងគ្រោះថ្នាក់ជាយថាហេតុចំពោះបុគ្គល គឺជៀសមិនរួច»៕