(រ៉ាហ្វា)៖ ក្រុមគ្រូពេទ្យបាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា មនុស្ស ១៦ នាក់ ដែលពាក់កណ្តាលនៃពួកគេជាកុមារ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះមួយខ្នង នៅក្នុងទីក្រុងរ៉ាហ្វា នៃភាគខាងត្បូងហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
កងទ័ពអ៊ីស្រាអែល បានបន្តវាយប្រហារគោលដៅនានាក្នុងតំបន់ដែលត្រូវបានឡោមព័ទ្ធ ខណៈជនស៊ីវិលត្រូវបានស្នើសុំឱ្យស្វែងរកជម្រក។
ជាង ១០០ ថ្ងៃបន្ទាប់ពីក្រុមហាម៉ាស់បានបញ្ឆេះសង្រ្គាម ជាមួយនឹងការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃទី ៧ ខែតុលា អ៊ីស្រាអែលបន្តធ្វើយុទ្ធនាការយោធាដ៏បង្ហូរឈាម និងបំផ្លិចបំផ្លាញបំផុតក្នុងប្រវត្តិសាស្ត្រទំនើប ដោយមានបំណងបោសសម្អាតក្រុមប្រដាប់អាវុធមួយនេះ ដែលបានគ្រប់គ្រងតំបន់ហ្កាហ្សាតាំងពីឆ្នាំ ២០០៧ មក។ សង្គ្រាមបានបង្កើនភាពតានតឹងនៅទូទាំងតំបន់ ដោយគំរាមកំហែងនឹងបញ្ឆេះជម្លោះផ្សេងៗ។
រហូតមកទល់ពេលនេះ ជនជាតិប៉ាឡេស្ទីនជាង ២៤,០០០ នាក់ត្រូវបានសម្លាប់ ហើយប្រហែល ៨៥ ភាគរយនៃប្រជាជននៅតំបន់ឆ្នេរដ៏ចង្អៀតដែលមានប្រជាជនចំនួន ២.៣ លាននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ហើយអង្គការសហប្រជាជាតិបាននិយាយថា មួយភាគបួននៃចំនួនប្រជាជនសរុបកំពុងរងការអត់ឃ្លាន៕