(តូក្យូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ ជប៉ុនបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិក ដើម្បីទិញមីស៉ីលរយៈចម្ងាយឆ្ងាយ Tomahawk សរុប៤០០គ្រាប់ ខណៈទីក្រុងតូក្យូកំពុងព្យាយាមពង្រឹងសមត្ថភាពយោធា ដើម្បីទប់ទល់ចំពោះការគំរាមកំហែងផ្នែកសន្តិសុខ នៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤។
មន្រ្តីការពារជាតិជប៉ុនម្នាក់បានឱ្យដឹងថា កិច្ចព្រមព្រៀងខាងលើ ត្រូវបានចុះហត្ថលេខានៅទីក្រុងតូក្យូ ហើយដំណើរការទិញមីស៉ីល នឹងត្រូវចាប់ផ្តើមជាផ្លូវការ។ ការលក់ដែលមានទំហំទឹកប្រាក់២.៣៥ពាន់លានដុល្លារ សម្រាប់មីស៉ីល Tomahawk ពីរប្រភេទ ដែលអាចបាញ់បានចម្ងាយ ១,៦០០គីឡូម៉ែត្រ ត្រូវបានអនុម័តយល់ព្រមដោយទីក្រុងវ៉ាស៉ីនតោន កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។
ចំពោះមុខការកើនឡើងនៃអំណាចយោធារបស់ចិន បូករួមជាមួយការគំរាមកំហែងនៃមីស៉ិលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង រដ្ឋាភិបាលជប៉ុន មានផែនការបង្កើនកញ្ចប់ថវិកាការពារជាតិទ្វេដង ឱ្យដល់កម្រិតស្តង់ដាដូចអង្គការណាតូ (NATO) គឺ២ភាគរយនៃ GDP នៅឆ្នាំ២០២៧។
គួរបញ្ជាក់ថា កាលពីខែធ្នូ ចុងឆ្នាំមុន ទីក្រុងតូក្យូបានបន្ធូរបន្ថយ គោលការណ៍នាំចេញសព្វាវុធរបស់ខ្លួន ដើម្បីអាចលក់មីស៉ីលសម្រាប់ប្រើជាមួយប្រព័ន្ធ Patriot ដែលផលិតនៅក្នុងប្រទេសជប៉ុនក្រោមអាជ្ញាបណ្ណ ឱ្យទៅសហរដ្ឋអាមេរិក ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន កំពុងព្យាយាមបំពេញស្តុកសព្វាវុធរបស់ខ្លួនឡើងវិញ បន្ទាប់ពីបានខិតខំផ្គត់ផ្គង់ពួកវាឱ្យទៅអ៊ុយក្រែន ដែលស្ថិតក្នុងសង្រ្គាមអូសបន្លាយជាមួយរុស្ស៉ី៕
រូបភាពពីកងទ័ពជើងទឹកអាមេរិក