(រ៉ូម)៖ ក្រសួងការបរទេសអ៉ីតាលី បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា អ៉ីតាលីចង់ឲ្យមានការសម្រេចចិត្តខាងនយោបាយ ដើម្បីបង្កើតបេសកកម្មរក្សាសន្តិសុខដែនសមុទ្ររបស់សហភាពអឺរ៉ុប នៅតំបន់សមុទ្រក្រហម នៅសប្តាហ៍ក្រោយ ដែលអាចឲ្យដំណើរការទៅ បានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤។

បណ្តាសមាជិកសហភាពអឺរ៉ុប បានផ្តល់ការគាំទ្រចំពោះបេសកកម្មដើម្បីការពារកប៉ាល់ពាណិជ្ជកម្ម ពីការវាយប្រហារដោយក្រុមហ៊ូទី របស់យេម៉ែន នៅឯតំបន់សមុទ្រក្រហម ដោយសារតែក្តីបារម្ភថា បញ្ហារំខានដល់ផ្លូវទឹកដែលជាសរសៃឈាមពាណិជ្ជកម្មនោះ អាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។ គោលបំណងរបស់សមាជិកសហភាពអឺរ៉ុប គឺបង្កើតបេសកកម្មរបស់ពួកគេឲ្យបាន ត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ហើយចាប់ផ្តើមប្រតិបត្តិការភ្លាមៗបន្ទាប់ពីបង្កើតបាន។

មន្រ្តីការទូតជាច្រើនរូបសង្ឃឹមថា អាចដំណើរការកិច្ចការនេះបានលឿន ដោយសារភាពតានតឹងនៅក្នុងតំបន់ កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីការបរទេស គ្រោងធ្វើឡើងនៅ ថ្ងៃ ២២ ខែមករា។ រដ្ឋមន្រ្តីការបរទេសអ៉ីតាលី លោក Antonio Tajani បានប្រាប់អ្នកយកព័ត៌មានថា «តាមគំនិតគឺចង់មានបេសកកម្មអឺរ៉ុប ដែលអាចដំណើរការបានឆាប់។ ប៉ុន្តែការសម្រេចចិត្តខាងនយោបាយរបស់យើង ត្រូវតែធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ»

គួរបញ្ជាក់ថា អ៉ីតាលី អេស្បាញ និងបារាំងមិនបានចូលរួមក្នុងវិធានការរបស់សហរដ្ឋអាមេរិក និងចក្រអង់គ្លេសប្រឆាំងក្រុមហ៊ូទីនោះទេ និងមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយប្រទេសចំនួន ១០ដែលបង្ហាញពីភាពត្រឹមត្រូវនៃការវាយប្រហារនេះ។ ទោះជាយ៉ាងណាក៏ដោយ បេសកកម្មរបស់សហភាពអឺរ៉ុប នឹងសម្របសម្រួលការល្បាតជាមួយប្រតិបត្តិការ ដែលដឹកនាំដោយសហរដ្ឋអាមេរិក៕

រូបភាពពី Reuters