(ប៉េកាំង)៖ ថ្ងៃព្រហស្បតិ៍នេះ ទីក្រុងប៉េកាំងបាននិយាយថា ខ្លួនមានឆន្ទៈជួយសម្រុះសម្រួលរវាងប៉ាគីស្ថាននិងអ៉ីរ៉ង់ ក្រោយប្រទេសទាំងពីរ បានធ្វើសកម្មភាពវាយប្រហារតាមផ្លូវអាកាស ចូលទឹកដីគ្នាទៅវិញទៅមក ប្រឆាំងលើគោលដៅក្រុមសកម្មប្រយុទ្ធ នៅក្បែរតំបន់ព្រំដែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤។

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងកបរទេសចិន បាននិយាយដូច្នេះថា «ចិនមានក្តីសង្ឃឹមជាខ្លាំងថា ភាគីទាំងពីរអាចព្យាយាមអត់ធ្មត់ និងចៀសវាងបង្កើន ភាពតានតឹងឱ្យកាន់តែក្តៅថែមទៀត។ ពួកយើងក៏មានឆន្ទៈផងដែរ ក្នុងការដើរតួនាទីស្ថាបនា ដើម្បីជួយបន្ធូរបន្ថយស្ថានការណ៍បច្ចុប្បន្ន ប្រសិនបើភាគីទាំងពីរ មានបំណងធ្វើបែបនោះ»

នៅថ្ងៃព្រហស្បតិ៍នេះ ប៉ាគីស្ថានបានប្រកាសថា ខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងលើគោលដៅក្រុមសកម្មប្រយុទ្ធ នៅក្នុង​ទឹកដីប្រទេសអ៉ីរ៉ង់។ ទីក្រុងតេហេរ៉ង់បានអះអាងថា ការវាយប្រហារនោះ បានបណ្តាលឱ្យមនុស្សយ៉ាងហោចកើនដល់ ៩នាក់ស្លាប់។ វាបានកើតឡើង ក្រោយកាលពីថ្ងៃអង្គារសប្តាហ៍នេះ អ៉ីរ៉ង់បានធ្វើសកម្មភាពវាយប្រហារ​តាមផ្លូវអាកាស ប្រឆាំងនឹងអ្វីដែលខ្លួនអះអាងថា ជាគោលដៅក្រុមភេរវករនៅក្នុងទឹកដីប៉ាគីស្ថាន។ ទីក្រុងអ៉ីស្លាម៉ាបាដ បានអះអាងថា មនុស្ស២នាក់បានស្លាប់ ក្នុងការវាយប្រហាររបស់អ៉ីរ៉ង់នោះ ខណៈខាងរដ្ឋាភិបាលអ៉ីរ៉ង់ បាននិយាយថា ការវាយប្រហារដោយមីស៉ីល​និងដ្រូនរបស់ខ្លួន បានកំណត់គោលដៅលើ ក្រុម Jaish al-Adl នៅប៉ាគីស្ថាន។

គួរបញ្ជាក់ថា ទីក្រុងតេហេរ៉ង់និងទីក្រុងអ៉ីស្លាម៉ាបាដ ជារឿយៗបានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការអនុញ្ញាតឱ្យក្រុមសកម្មប្រយុទ្ធ ជ្រកកោនតាមតំបន់ព្រំដែន ដើម្បីធ្វើសកម្មភាពវាយប្រហារទៅលើខ្លួន។ អ៉ីរ៉ង់និងប៉ាគីស្ថាន សុទ្ធតែជាដៃគូជិតស្និទ្ធរបស់ទីក្រុងប៉េកាំង និងជាសមាជិកនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ៕

រូបភាពពី Reuters