(បែរឡាំង)៖ កាសែត Bild របស់អាល្លឺម៉ង់ដែលបានចេញផ្សាយក្នុងសប្តាហ៍នេះ ធ្វើឱ្យមានការទាក់ទាញក្តី ចាប់អារម្មណ៍ពីពិភពលោកជាខ្លាំង។ កាសែតបានដកស្រង់ការលេចធ្លាយឯកសារសម្ងាត់ យោធាមួយដែលបារម្ភថាមេដឹកនាំរុស្ស៊ី លោកវ្លាឌីមៀរពូទីន កំពុងរៀបចំផែនការបង្កើត សង្គ្រាមលោកលើកទី៣។ តើគេមានការជឿជាក់លើឯកសារដែលលេចធ្លាយពីក្រសួងការ ពារជាតិអាល្លឺម៉ង់នោះដែរឬទេ?

ខណៈដែលសង្គ្រាមអ៊ុយក្រែន កាន់តែរសាត់ឆ្ងាយ ពីការចាប់អារម្មណ៍របស់ប្រទេសមួយចំនួន គ្រាដែលភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវបានជំនួសមកវិញនោះ, របាយការណ៍ទាញអារម្មណ៍ខ្លះ កំពុងចង់ឱ្យពិភពលោកងាកមកបារម្ភការនឹងអាចផ្ទុះឡើង ជាសង្គ្រាមលោកលើក ទី៣តាមរយៈផែនការរបស់រុស្ស៊ីក្នុងតំបន់អឺរ៉ុបខាងកើត។

កាសែតអាល្លឺម៉ង់ Bild បានផ្សព្វផ្សាយថាប្រទេសក្នុងសហភាពអឺរ៉ុប កំពុងរៀបចំការត្រៀមទប់ ទល់នឹងផែនការមួយរបស់ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលគេនិយាយថា ចង់ពង្រីកសង្គ្រាមអ៊ុយក្រែនដោយការគ្រោង វាយប្រហារដាក់លើប្រទេសជាសម្ព័ន្ធមិត្តរបស់អ៊ុយ ក្រែននាវេលាឆ្នាំក្រោយ។ បើសិនជាមានការវាយប្រហារដាក់លើ ប្រទេសជាសម្ព័ន្ធមិត្តអ៊ុយក្រែនមែននោះ វាគឺជាការធ្វើឱ្យផ្ទុះសង្គ្រាមលោកលើកទី៣ ជាមិនខាន។ មន្ត្រីរុស្ស៊ី បានបដិសេធ មិនធ្វើអត្ថាធិប្បាយលើការផ្សាយរបស់កាសែត Bild របស់អាល្លឺម៉ង់នោះទេ ប៉ុន្តែបានចោទថា អ្វីដែលកាសែតនោះចុះផ្សាយ គឺជាការកុហកទាំងស្រុង។

* តើសង្គ្រាមលោកសាជាថ្មី នឹងអាចផ្ទុះចេញពីសង្គ្រាមរាលដាលរបស់អ៊ុយក្រែនដែរឬទេ?

ថ្មីៗនេះ ក្តីបារម្ភនូវការរាលដាលសង្គ្រាមចេញពីតំបន់ហ្គាហ្សាទៅកាន់ប្រទេសក្នុងតំបន់មជ្ឈិម បូព៌ាក៏ត្រូវគេបារម្ភជុំវិញការផ្ទុះឡើង នូវសង្គ្រាមលោកសាជាថ្មី, ក្តីបារម្ភខ្លាចក្រែងការផ្ទុះអាវុធ ក្នុងដែនឧបទ្វីបកូរ៉េ ឬការផ្ទុះសង្គ្រាមណាមួយថែមទៀត ដែលមានការប្រឈមមុខគ្នារវាងសហរដ្ឋអាមេរិកនិងចិន ក៏ជាក្តីបារម្ភនៃការផ្ទុះឡើង នូវសង្គ្រាមលោកលើកទី៣ ដោយសារតែប្រទេសមហាអំណាចទាំងនោះ គឺជាប្រទេសដែលមានអាវុធនុយក្លេអ៊ែ័រ ប៉ុន្តែការអូសទាញឱ្យពិភពលោក ងាកទៅរកការចាប់អារម្មណ៍ នឹងរឿងសង្គ្រាម នៅអ៊ុយក្រែនដោយការបង្កើតនូវសេណារីយ៉ូផ្សេងៗនោះ មិនមែនថាជារឿង ដែលត្រូវគេមើលរំលងចោលឡើយ។

អ្វីដែលអ៊ុយ ក្រែនកំពុងតែបារម្ភនោះ គឺសង្គ្រាមអ៊ុយក្រែនដែលមានរយៈពេលជិត ៧០០ថ្ងៃមកហើយនោះ គឺមិនសូវមានការចាប់អារម្មណ៍ខ្លាំង ពីពិភពលោកដូចមុនឡើយ ដោយសារតែសង្គ្រាមរវាង អ៊ីស្រាអែលនិងក្រុមហាម៉ាស បានធ្វើឱ្យទំនាស់ កាន់តែរាលដាលចូលមកក្នុងតំបន់មជ្ឈិមបូ ព៌ាគួរឱ្យព្រួយបារម្ភ។ ប៉ុន្តែចំណងជើងសរសេរមួយរបស់កាសែតនានា ពិភពលោកដែលនិ យាយថាមេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន កំពុងធ្វើឱ្យពិភពលោកភ័យ នឹងការផ្ទុះឡើងនូវ សង្គ្រាមលោកលើកទីបីនោះ ចង់ឬមិនចង់ ក៏ត្រូវតែមានការទាញអារម្មណ៍មួយភ្លែត ងាកទៅរកសង្គ្រាមក្នុងតំបន់អឺរ៉ុបខាងកើត នោះវិញដែរ។

ការរៀបរាប់នូវផែនការគ្រោងវាយប្រហារដែលបារម្ភខ្លាចក្រែង ការផ្ទុះឡើងនូវសង្គ្រាមលោកលើកទី៣នោះ មិនមែនចេញមកពីប្រទេស រុស្ស៊ីទេ ប៉ុន្តែចេញមកពីកាសែតអាល្លឺម៉ង់ Bild ដែលបាននិយាយផ្សាយលាតត្រដាង ជុំវិញឯកសារសម្ងាត់យោធាបែកធ្លាយ ដែលគេបញ្ជាក់ ថាគឺជាឯកសារសម្ងាត់យោធារបស់ក្រសួងការពារជាតិអាល្លឺម៉ង់។

របាយការណ៍ព័ត៌មានសម្ងាត់ បាននិយាយថា កងកម្លាំងយោធា អាល្លឺម៉ង់ កំពុង ត្រៀមលក្ខណៈសម្រាប់ទប់ទល់កម្លាំងចម្រុះវាយប្រហារ របស់រុស្ស៊ីនៅអឺរ៉ុបខាងកើត «Hybrid Russian Attack in Eastern Europe។ កាសែតអាល្លឺម៉ង់ដដែលនេះ បានរៀបរាប់អំពីសេណារីយ៉ូ គួរឱ្យភ្ញាក់ផ្អើលមួយដែលបង្ហាញ នូវ ទិសដៅរៀបចំប្រទាក់ក្រឡាគ្នាសម្រាប់ប៉ុន្មានខែ ទៅមុខទៀតនេះ។

សេណារីយ៉ូមួយដែលគេបា នដាក់ឈ្មោះថា "Alliance Defense 2025" គ្រោងនឹងចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំ២០២៤ខាងមុខនេះ ដោយរុស្ស៊ីនឹងប្រមូលទាហានបន្ថែមចំនួន២០ម៉ឺននាក់។ សេណារីយ៉ូដែលលេចធ្លាយនោះ បានបង្ហាញនូវការរៀបចំរបស់រុស្ស៊ី សម្រាប់ការវាយលុកក្នុង រដូវផ្ការីក Spring Offensive ដាក់ទៅលើអ៊ុយក្រែន ខណៈការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់លោក ខាងលិចដល់អ៊ុយក្រែនកាន់តែរីងស្ងួត ទៅជាលំដាប់នោះ។

គំរោងរៀបចំដ៏ធំរបស់រុស្សីនោះ ត្រូវបានគូសបញ្ជាក់ថា ជាការអាចចាប់ផ្តើមបង្កសង្គ្រាមក្នុង តំបន់បាល់ទិកនៅក្នុងខែកក្កដា តាមរយៈ "ការវាយប្រហារតាមអ៊ីនធឺណិតយ៉ាងធ្ងន់ធ្ងរ" Severe Cyber attacks ខណៈនឹងមានការបង្កឱ្យមានភាពមិនសប្បាយចិត្ត ក្នុងចំណោមជនជាតិ រុស្ស៊ី នៅក្នុងប្រទេសអេស្តូនី, ឡាតវីយ៉ា និងលីទុយអានី។

យោងតាមសេណារីយោដដែល រហូតដល់ខែកញ្ញា, រុស្ស៊ីអាចនឹងប្រើប្រាស់ការប៉ះទង្គិចតាម រយៈឥទ្ធិសង្គ្រាមតាម Internet ទាំងនោះ ធ្វើជាលេសដើម្បីបើកប្រតិបត្តិការយោធាលុកលុយ Zapad 2024 ដែលជាសមយុទ្ធយោធាដ៏ធំមួយ ដែលគេនិយាយថានឹងប្រមូលផ្តុំ កម្លាំងទាហាន រុស្ស៊ីចំនួន៥ម៉ឺននាក់នាភាគខាងលិចប្រទេសរុស្ស៊ី និងនៅប្រទេសបេឡារុស។

ផែនការលេចធ្លាយនៃព័ត៌មានសម្ងាត់យោធាដដែល បាននិយាយបន្តថា គឺចេញពីទីនោះ ហើយ រុស្ស៊ីអាចធ្វើការបញ្ជួនទ័ព និងអាវុធមីស៊ីលបាញ់រយៈចម្ងាយមធ្យម ដាក់ពង្រាយទៅកាន់ តំបន់ Kaliningrad ដែលជាទឹកដីរុស្ស៊ី ហើយនឹងមានការវាយពុះចម្រៀកមួយណាវាងប្រទេស លីទុយអានី និងប្រទេសប៉ូឡូញ ដែលប្រទេសទាំង២គឺជាសមាជិក របស់អង្គការណាតូ។

យោងតាមឯកសារដដែលនោះ រុស្ស៊ីអាចទម្លាក់គ្រាប់បែកក្នុងតំបន់នេះ ដោយគ្រាន់តែនិយាយព្រមានអំពីការវាយប្រហារ កាន់តែខិតជិតមកដល់របស់កងកម្លាំងណាតូ ប៉ុន្តែគោលគោលដៅចុងក្រោយនោះ គឺការវាយដណ្តើមកាន់កាប់យកតំបន់មួយ ដែលមានឈ្មោះថា Suwalki Gap ដែលជាច្រករបៀងប៉ូឡូញ-លីទុយអានី ដ៏តូចចង្អៀតមួយស្ថិតនៅចន្លោះប្រ ទេសបេឡារុស្ស និងតំបន់កាលីនីនក្រាដ។

យោងតាមកាសែតអាល្លឺម៉ង់ដដែល, រហូតដល់ខែធ្នូ បើសិនជាមានហេតុការណ៍អាក្រក់ទាំង នោះអាចកើតឡើងបានពិតមែននោះ, រុស្ស៊ីនឹងអាចទាញយកអត្ថប្រយោជន៍ពីដំណាក់កាល អន្តរកាលក្នុងដំណាក់កាលការបោះឆ្នោតប្រធានាធិបតីអាមេរិកដោយ ប្រើប្រាស់ការឃោស នាប្រឌិតនូវរឿង"ជម្លោះ ព្រំដែន" ឬ "កុបកម្មដែលបង្កឱ្យមានការស្លាប់ជាច្រើន" ដើម្បីញុះញង់ ឱ្យមានអំពើហិង្សា នៅក្នុងតំបន់ Suwalki Gap និងធ្វើអំពើសាបព្រួសភាពចលាចល។

កាសែតបានសរសេរដកស្រង់ជុំវិញផែនការលេចធ្លាយ ដែលរៀបចំជាសេណារីយ៉ួប្រទាក់ ក្រឡាគ្នានឹងការរៀបចំកិច្ចប្រជុំ នៅអង្គការសហប្រជាជាតិថែមទៀត។ សេណារីយ៉ូដដែលបានសរសេរថា បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិនៅខែមករាឆ្នាំ២០២៥, រុស្ស៊ីអាចចោទប្រកាន់សម្ព័ន្ធមិត្តលោកខាងលិចដោយក្លែងបន្លំ ថាកំពុងរៀបចំផែនការដើម្បីប្រឆាំងនឹង របបរបស់លោកពូទីន ដែលរុស្ស៊ីនឹងអាចប្រើប្រាស់ ប្រមូលផ្តុំកម្លាំងរុស្ស៊ីទៅកាន់ប្រទេសបេឡារុស និងទៅកាន់តំបន់បាល់ទិកនៅខែមីនាឆ្នាំ ២០២៥។

យោងតាមឯកសារលេចធ្លាយដដែល គឺនៅក្នុងសេណារីយោរៀបចំនេះ, កងទ័ពអាល្លឺម៉ង់ ចំនួន៣ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារ ខណៈកម្លាំងរុស្ស៊ីប្រមាណ៧ម៉ឺននាក់នឹង ត្រូវប្រមូលផ្តុំនៅក្នុងប្រទេសបេឡារុស។ រហូតនៅត្រឹមខែឧសភា ឆ្នាំ២០២៥, ការកសាងកម្លាំងនោះ អាចជំរុញឱ្យណាតូ បង្កើត "វិធាន រារាំងដ៏គួរឱ្យទុកចិត្ត" ដើម្បីរារាំងអំពើលុកលុយរបស់រុស្ស៊ី ដែលមានន័យថានឹងការប្រយុទ្ធគ្នា រវាងកងទ័ពលោកខាងលិច និងកងកម្លាំងរុស្ស៊ី។ មេដឹកនាំរុស្ស៊ីលោកពូទីន និងមន្ត្រីរុស្ស៊ី បានបដិសេធម្តងហើយម្តងទៀតថា ពួកគេនឹងមិន ធ្វើឱ្យជម្លោះអ៊ុយក្រែន កាន់តែកើនឡើងហួស ពីព្រំដែនរបស់ប្រទេសឡើយ។

ទោះជាយ៉ាងណាក៏គ្រាដែលឯកសារសម្ងាត់យោធាទទួលបានដោយកាសែត Bild របស់អាល្លឺម៉ង់ គឺជាសេណារីយ៉ូដ៏មានសក្តានុពល រៀបចំដោយឧត្តមសេនីយ៍នៅក្នុងកងទ័ពអាល្លឺម៉ង់ នោះ, ក្រុមសម្ព័ន្ធមិត្តអឺរ៉ុប បានចាត់ទុកការគំរាមកំហែងរបស់រុស្ស៊ីថា មានសភាពធ្ងន់ធ្ងរដែល គេរៀបចំទប់ទល់តាមលំដាប់លំដោយ។

កាលពីសប្តាហ៍មុន អង្គការ NATO បានអញ្ជើញរដ្ឋមន្ត្រីការពារស៊ីវិលស៊ុយអែត លោក Carl-Oskar Bohlin ដែលបាននិយាយនៅក្នុងសន្និសីទ "ប្រជាជននិងការពារជាតិ" ថា សង្គ្រាមនៅ ក្នុងប្រទេសស៊ុយអែតនឹងអាចកើតឡើងទៅបាន។ ក្តីព្រួយបារម្ភរបស់រដ្ឋមន្ត្រីស៊ុយអែតនោះ ត្រូវបានគាំទ្រមេបញ្ជាការយោធារបស់ ប្រទេសស៊ុយអែត គឺលោក Micael Bydén ដែលបាន និយាយថា "យើងត្រូវរៀបចំកិច្ចការឱ្យបានយូរតាមដែលអាចធ្វើទៅបាន នៅគ្រប់កម្រិតជាន់ថ្នាក់ទាំងអស់នៅទូទាំងសង្គម"។

មន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់មិ នធ្វើការនិយាយអ្វីអំពីសេណារីយ៉ូ នៃផែនការដែលបាន លេចធ្លាយនេះឡើយ ប៉ុន្តែពួកគេបានប្រាប់កាសែត Bild ថា "ខ្ញុំអាចប្រាប់អ្នកថា ដោយការពិចារណាលើសេណារីយ៉ូផ្សេងៗទាំងនេះ ទោះបីជាវាមិនទំនងហួសហេតុក៏ដោយ វាគឺជាផ្នែកនៃអាជីវកម្មយោធាប្រចាំថ្ងៃ ជាពិសេសក្នុងការបណ្តុះបណ្តាល"៕

រូបភាពពី AFP