(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសថា រុស្ស៉ី និងនីហ្សេដែលស្ថិតក្រោមការគ្រប់គ្រងរបស់យោធា ចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំ ២០២៣ បានព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការយោធា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានរាយការណ៍ថា អនុរដ្ឋមន្រ្តីការពារជាតិដែលមាន លោក Yunus-Bek Yevkurov និងលោក Alexander Fomin បានជួបរដ្ឋមន្រ្តីការពារជាតិតែងតាំងដោយយោធានីហ្សេ គឺលោក Salifu Modi កាលពីពេលថ្មីៗនេះ។ ក្រសួងការពារជាតិរុស្ស៉ី បានបញ្ជាក់ថា ភាគីទាំងអស់បានកត់សម្គាល់ពីសារៈសំខាន់ នៃការអភិវឌ្ឍទំនាក់ទំនងរុស្ស៉ី-នីហ្សេក្នុងវិស័យការពារជាតិ ហើយព្រមព្រៀងបង្កើនសកម្មភាពរួម ដើម្បីស្ថិរភាពនៅក្នុងតំបន់ ដោយបន្ថែមថា ការអភិវឌ្ឍនេះមានគោលបំណងបន្តកិច្ចសន្ទនាលើ «ការបង្កើនលក្ខណៈត្រៀមខ្លួនប្រយុទ្ធ» នៃយោធានីហ្សេ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាយោធារបស់ប្រទេសនីហ្សេ ដឹកនាំដោយលោកឧត្តមសេនីយ Abdourahamane Tiani បានឡើងកាន់អំណាច បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៉ីវិលរបស់ លោក ប្រធានាធិបតី Mohamed Bazoum កាលពីខែកក្កដា ឆ្នាំ២០២៣។ អ៊ុយរ៉ាញ៉ូម និងប្រេង ដែលត្រូវបានចាត់ទុកថាជាទុនបំរុងរបស់នីហ្សេ រួមទាំងតួនាទីប្រយុទ្ធប្រឆាំង ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ Sahel បានធ្វើឲ្យនីហ្សេក្លាយជាទីដ៏សំខាន់ខាងផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ សម្រាប់សហរដ្ឋអាមេរិក អឺរ៉ុប ចិន និងរុស្ស៉ី៕

រូបភាពពី AFP