(អ៉ីស្លាម៉ាបាដ)៖ ក្រសួងការបរទេសប៉ាគីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ប៉ាគីស្ថានបានបើកការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹង​ក្រុមសកម្មប្រយុទ្ធ នៅក្នុងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីទីក្រុងតេហេរ៉ង់ បានធ្វើសកម្មភាពវាយប្រហារតាមផ្លូវអាកាសដូចគ្នា ចូលមកក្នុងទឹកដីរបស់ប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤។

ក្រសួងការបរទេសប៉ាគីស្ថាន បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «នាព្រឹកនេះ ប៉ាគីស្ថានបានបើកការវាយប្រហារតាមផ្លូវអាកាស ដោយកំណត់គោលដៅលើ ទីតាំងសំងំលាក់ខ្លួនរបស់ក្រុមភេរវករនៅក្នុងខេត្ត Siestan-o-Baluchistan នៃប្រទេសអ៉ីរ៉ង់ ខណៈពួកភេរវករមួយចំនួនត្រូវបានសម្លាប់ ក្នុងការវាយប្រហារនោះ»។ ស្របពេលជាមួយគ្នា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា ស្រ្តី៣នាក់ព្រមទាំងកុមារ៤នាក់ បានបាត់បង់ជីវិត ក្រោយការវាយប្រហារដោយមីស៉ីលរបស់ប៉ាគីស្ថាន នៅឯតំបន់ភាគអាគ្នេយ៍អ៉ីរ៉ង់។

ការវាយប្រហារខាងលើរបស់ប៉ាគីស្ថានកើតមានឡើង បន្ទាប់ពីនៅថ្ងៃអង្គារសប្តាហ៍នេះ អ៉ីរ៉ង់បានធ្វើសកម្មភាពវាយប្រហារ​តាមផ្លូវអាកាស ប្រឆាំងនឹងអ្វីដែលទីក្រុងតេហេរ៉ង់ អះអាងថា ជាគោលដៅក្រុមភេរវករនៅក្នុងទឹកដីប៉ាគីស្ថាន។ ខាងទីក្រុងអ៉ីស្លាម៉ាបាដ បានអះអាងថា កុមារ២នាក់បានស្លាប់ ក្នុងការវាយប្រហាររបស់អ៉ីរ៉ង់នោះ។ រដ្ឋាភិបាលអ៉ីរ៉ង់ បាននិយាយថា ការវាយប្រហារដោយមីស៉ីល​និងដ្រូនរបស់ខ្លួន បានកំណត់គោលដៅលើ ក្រុម Jaish al-Adl នៅប៉ាគីស្ថាន។

គួរបញ្ជាក់ថា ទីក្រុងតេហេរ៉ង់និងទីក្រុងអ៉ីស្លាម៉ាបាដ ជារឿយៗបានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការអនុញ្ញាតឱ្យក្រុមសកម្មប្រយុទ្ធ ធ្វើប្រតិបត្តិការនៅក្នុងទឹកដីភាគីម្ខាងៗ ដើម្បីធ្វើសកម្មភាពវាយប្រហារ ប៉ុន្តែវាគឺជារឿងដ៏កម្រដែលកងកម្លាំងយោធាផ្លូវការនៃប្រទេសទាំងពីរ ចូលរួមពាក់ព័ន្ធបែបនេះ៕

រូបភាពពី AFP