(កៀវ)៖ កងកម្លាំងកាំភ្លើងធំអ៊ុយក្រែនដែលកំពុងប្រយុទ្ធក្បែរទីក្រុង Bakhmut បាននិយាយថា កងទ័ពរុស្ស៉ីកំពុងធ្វើការវាយលុកឥតឈប់ឈរ ខណៈដែលការប្រយុទ្ធកាន់តែមានសភាពខ្លាំងក្លាឡើង ហើយអ៊ុក្រែនកំពុងរង់ចាំជំនួយយោធាបន្ថែមទៀតពីបណ្តាប្រទេសលោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤។

កងកម្លាំងអ៊ុយក្រែនកំពុងឈរជើងការពារថែមទៀត នៅក្នុងតំបន់សមរភូមិជាច្រើនដែលមានព្រិលធ្លាក់ បន្ទាប់ពីប្រតិបត្តិការវាយបកកាលពីឆ្នាំ ២០២៣ មិនអាចបំបែកខ្សែការពារយ៉ាងរឹងមាំរបស់រុស្ស៉ី នៅតំបន់ដែលខ្លួនកាន់កាប់ នៅឯភាគខាងត្បូងនិងភាគខាងកើត។ បើតាមរបាយការណ៍ប្រចាំថ្ងៃស្តីពីសង្រ្គាមជាមួយរុស្ស៉ីរបស់អគ្គសេនាធិការអ៊ុយក្រែន មានការវាយប្រយុទ្ធគ្នាចំនួន ៩៨លើក ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយកាលពីថ្ងៃពុធសប្តាហ៍នេះ ដោយចំនួននេះគឺកើនឡើងទ្វេដង បើប្រៀបធៀបនឹងចុងសប្តាហ៍មុន។

លោក Mykhailo ទាហានមកពីកងពលទី ៩២របស់អ៊ុយក្រែន បាននិយាយថា អាវុធបរទេសមិនត្រូវបានរចនាឡើង ដើម្បីដំណើរការក្រោមលក្ខខណ្ឌអាកាសធាតុបែបនេះទេ ហើយរថក្រោះមួយចំនួនកំពុងជាប់គាំងនៅក្នុងវាលភក់។ រីឯទាហានម្នាក់ទៀតគឺ លោក Pavlo បាននិយាយថា កងទ័ពអ៊ុយក្រែននឹងមិនអាចឆ្ពោះទៅមុខបានទេ លុះត្រាតែពួកគេទទួលបានគ្រាប់រំសេវ និងកម្លាំងបន្ថែមទៀត។

គួរបញ្ជាក់ថា ភាពមិនចុះសម្រុងគ្នាខាងនយោបាយ នៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) បានធ្វើឲ្យរាំងស្ទះដល់កញ្ចប់ជំនួយយោធា និងហិរញ្ញវត្ថុសំខាន់ៗសម្រាប់អ៊ុយក្រែន អស់រយៈពេលច្រើនសប្តាហ៍មកហើយ បើទោះបីជាទីក្រុងកៀវ នៅតែរំពឹងថានឹងនៅតែទទួលបានជំនួយក៏ដោយ៕

 

រូបភាពពី Reuters