(កៀវ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា ក្រុមហ៊ុនលោកខាងលិច បានផ្គត់ផ្គង់ឱ្យទៅរុស្ស៉ី​នូវធាតុផ្សំគិតជាទឹកប្រាក់ស្មើនឹង ២.៩ពាន់លានដុល្លារ ដែលអាចប្រើប្រាស់សម្រាប់ការផលិតបរិក្ខារយោធានិងសព្វាវុធ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣ បើទោះបីជាមានការដាក់ទណ្ឌកម្មខ្លាំង លើទីក្រុងមូស្គក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤។

ទីក្រុងកៀវបានព្យាយាមជំរុញឱ្យសម្ព័ន្ធលោកខាងលិចរបស់ខ្លួន រឹតបន្តឹងថែមទៀតចំពោះទណ្ឌកម្មលើរុស្ស៉ី និងលុបបំបាត់ចន្លោះប្រហោងទាំងឡាយ ​នៅក្នុងវិធានការរឹតត្បិតនិងគ្រប់គ្រងការនាំចេញ ក្រោមហេតុផលថា ទីក្រុងមូស្គូនៅតែអាចនាំចូលសមាសធាតុផ្សំ សម្រាប់ផលិតបរិក្ខារយោធានិង​សព្វាវុធ ដើម្បីផ្គត់ផ្គង់ការធ្វើសង្រ្គាមឈ្លានពានរបស់ខ្លួន នៅអ៊ុយក្រែន។

យោងតាមទីក្រុងកៀវ ការនាំចូលទំនិញជាធាតុផ្សំសម្រាប់ការផលិតសម្ភារយោធារបស់រុស្ស៉ី កាលពីឆ្នាំ២០២៣ សរុបគឺស្មើនឹង៩០ភាគរយ នៃទំហំការចូលនាំ នៅមុនពេលសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ការអះអាងនេះ គឺផ្អែកលើការស្រាវជ្រាវធ្វើឡើង ដោយក្រុមការងារមួយ ដែលស្ថិតក្រោមការចាត់ចែងរបស់លោក Andriy Yermak ​ប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន និង​លោក Michael McFaul អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងមូស្គូ។ ការងារសិក្សាស្រាវជ្រាវនោះ បានផ្តោតជាពិសេសទៅលើការប៉ុនប៉ងព្យាយាមរបស់រុស្ស៉ី ដើម្បីគេចវេះពីទណ្ឌកម្មគ្រប់គ្រងការនាំចេញធាតុផ្សំសម្ភារយោធា របស់លោកខាងលិច។

គួរបញ្ជាក់ថា យោងតាមប្រភពដដែល ផលិតផលរបស់ក្រុមហ៊ុនលោកខាងលិចជាង២៥០ក្រុមហ៊ុន ត្រូវបានរកឃើញនៅក្នុងសព្វាវុធ និងបរិក្ខារយោធារុស្ស៉ី ដែលត្រូវបានកម្ទេចឬរឹបអូស ក្នុងនោះរួមមានទាំងមីស៉ីលល្បឿនលឿនជាងសំឡេង Kinzhal ដែលទីក្រុងមូស្គូបានប្រើប្រាស់ ក្នុងការវាយប្រហារតាមផ្លូវអាកាស មកលើអ៊ុយក្រែនថែមទៀតផង។ ការសិក្សាស្រាវជ្រាវបានបន្ថែមថា បើនិយាយឱ្យចំគឺរហូតដល់ ៩៥ភាគរយនៃធាតុផ្សំ ដែលត្រូវបានរកឃើញក្នុងសព្វាវុធរបស់រុស្ស៉ី នៅលើសមរភូមិ គឺមានប្រភពចេញមកពីក្រុមហ៊ុនផលិត នៅក្នុងប្រទេសសម្ព័ន្ធមិត្ត ហើយក្នុងចំណោមនោះ រហូតដល់ទៅ៧២ភាគរយ ធ្វើឡើងដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅអាមេរិក៕

រូបភាពពី Reuters