(ដាវ៉ូស, ស្វីស)៖ ប្រធានមូលនិធិវិនិយោគប៉ាឡេស្ទីន លោក Mohammed Mustafa បានឲ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា យ៉ាងហោចណាស់ថវិកា ១៥ពាន់លានដុល្លារ នឹងត្រូវការសម្រាប់ការសងសង់ផ្ទះក្នុងតំបន់ហ្គាហ្សាឡើងវិញ ដោយនេះជាការបំផ្លិចបំផ្លាញក្រោមការវាយប្រហារសងសឹករបស់អ៉ីស្រាអែល។ នេះបើយោងការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤។

លោក Mustafa បាននិយាយថា បើតាមរបាយការណ៍អន្តរជាតិ ៣៥០,០០០ខ្នងផ្ទះនៅក្នុងតំបន់ហ្គាហ្សា បានរងនូវការខូចខាតទាំងស្រុង ឬដោយផ្នែក។ ដោយសន្មត់ក្នុងចំនួន ១៥០,០០០ខ្នងផ្ទះ នឹងត្រូវសាងសង់ឡើងវិញក្នុងតម្លៃជាមធ្យម ១០០,០០០ដុល្លារក្នុងមួយយូនីត ដូច្នេះវាស្មើនឹង ១៥ពាន់លានដុល្លារអាមេរិកសម្រាប់ផ្ទះទាំងនោះ។ លោក Mustafa បានបញ្ជាក់ប្រាប់វេទិការសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីសថា «នេះយើងមិនទាន់និយាយអំពីហេដ្ឋារចនាសម្ព័ន្ធ អំពីមន្ទីរពេទ្យដែលរងការខូចខាត រួមទាំងបណ្តាញអគ្គិសនីនៅឡើយទេ»

គួរបញ្ជាក់ថា ប្រទេសកាតា បានចំណាយថវិកាជាង ១ពាន់លានដុល្លារ ទៅលើគម្រោងលំនៅឋាន និងជំនួយនៅតំបន់ហ្គាហ្សា ក្រោយសង្រ្គាមចាយពេលជាង ៧សប្តាហ៍រវាងក្រុមហាម៉ាស និងអ៉ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីន ២,១០០នាក់កាលពីឆ្នាំ២០១៤៕

រូបភាពពី Reuters