(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្រ្តីដឹកជញ្ជូននៃប្រទេសអាស៊ានមួយនេះគឺ លោក S Iswaran បានលាលែងពីតំណែងក្នុងរដ្ឋាភិបាលព្រមទាំងសភាហើយ បន្ទាប់ពីរូបលោក ត្រូវបានចោទប្រកាន់ជាផ្លូវការ អំពីបទល្មើសសរុបចំនួនដល់ទៅ២៧ ក្នុងការស៉ើបអង្កេតករណីអំពើពុករលួយដ៏កម្រមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤។

នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsein Loong បានប្រាប់ឱ្យដឹងថា លោក Iswaran បានដាក់សំណើសុំលាលែងពីមុខតំណែង កាលពី​ថ្ងៃទី១៦ ខែមករា ត្រូវនឹងថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីលោកត្រូវបានជូនដំណឹងជាផ្លូវការ អំពីបទចោទប្រកាន់ប្រឆាំងរូបលោក។ លោក S Iswaran ត្រូវបានឃាត់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែក្រោយមកត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ ក្រោយបង់ប្រាក់តម្កល់។ លោក Iswaran ត្រូវបានលោក Lee ព្យួរតួនាទីចាប់តាំងពីពេលនោះមកម៉្លេះ។

គួរបញ្ជាក់ថា ប្រទេសសិង្ហបុរី គឺធ្លាប់តែត្រូវគេស្គាល់ថា ស្ថិតក្នុងចំណោមក្រុមប្រទេស ដែលមានអំពើពុករលួយតិចតួចបំផុត នៅលើពិភពលោក។ បណ្តារដ្ឋមន្រ្តីនៅប្រទេសដែនកោះដ៏តូចមួយនេះ ទទួលបានប្រាក់ខែក្នុងចំនួនមួយ ដែលប្រហាក់ប្រហែលគ្នាទៅនឹង ប្រាក់ខែកំពូលៗនៅតាមវិស័យឯកជន ដើម្បីទប់ស្កាត់អំពើពុករលួយ៕

រូបភាពពី AFP