(ប៉េកាំង)៖ ចិន-ហ្វីលីពីន បានព្រមព្រៀងគ្នាធ្វើឲ្យទំនាក់ទំនងដែនសមុទ្រមានភាពប្រសើរឡើង និងដើម្បីគ្រប់គ្រងជម្លោះ ក៏ដូចជាភាពខ្វែងគំនិតគ្នា តាមរយៈការពិភាក្សាលក្ខណៈមិត្តភាព ពាក់ព័ន្ធនឹងបញ្ហាជុំវិញសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤។

សេចក្តីថ្លែងការរបស់ក្រសួងការបរទេសចិន ចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះ បានឲ្យដឹងថា ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Nong Rong និងអនុរដ្ឋលេខាធិការនៃក្រសួងការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បានផ្លាស់ប្តូរទស្សនៈគ្នាប្រកបដោយភាពស្មោះត្រង់ និងស៉ីជម្រៅ ខណៈធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៨នៃយន្តការពិគ្រោះយោបល់ទ្វេភាគី ចិន-ហ្វីលីពីន ស្តីពីសមុទ្រចិនខាងត្បូង នៅក្នុងទីក្រុងស៊ាងហៃ។

ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីថា បញ្ហានៅឯសមុទ្រចិនខាងត្បូង មិនបានសបញ្ជាក់ទាំងស្រុងអំពីទំនាក់ទំនងទ្វេភាគីនោះទេ។ មន្ត្រីទាំងពីរជឿជាក់ថា ការរក្សាការទំនាក់ទំនង និងកិច្ចសន្ទនាគ្នាគឺជារឿងចាំបាច់ដើម្បីរក្សាសន្តិភាព និងស្ថិរភាពដែនសមុទ្រ។ ភាគីទាំងពីរ បានឯកភាពក្នុងការគ្រប់គ្រងជម្លោះដែនសមុទ្រ និងភាពខ្វែងគំនិតគ្នាឲ្យបានត្រឹមត្រូវតាមរយៈការពិគ្រោះយោបល់ជាមិត្ត ក៏ដូចជាដោះស្រាយភាពអាសន្នតាមសមុទ្រឲ្យបានត្រឹមត្រូវ ជាពិសេសស្ថានភាពជុំវិញតំបន់ថ្មប៉ប្រេះទឹក Second Thomas Shoal។ ក្រៅពីនេះ ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការដែនសមុទ្រ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងស្ថិរភាពនៃទំនាក់ទំនងចិន-ហ្វីលីពីនផងដែរ។

គួរបញ្ជាក់ថា មូយរយៈកាលចុងក្រោយនេះ ចិន និងហ្វីលីពីនមានការប្រឈមមុខដាក់គ្នាច្រើន នៅក្នុងតំបន់ដែនទឹកដែលវិវាទមួយចំនួននៃសមុទ្រចិនខាងត្បូង ដោយការចោទប្រកាន់គ្នាទៅវិញទៅមក ពីការប្រព្រឹត្តសកម្មភាពគ្រោះថ្នាក់។ ប៉ុន្តែភាគីទាំងពីរ មានការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសន្ទនា៕

រូបភាពពី Reuters