(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ខ្លួនបានប្រទះឃើញនូវយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ១៨ គ្រឿងនៅល្ងាចថ្ងៃពុធ (១៧ មករា) នេះ ដែលកំពុងប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ និងអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» ជាមួយនាវាចម្បាំងចិន ដែលជាសកម្មភាពយោធាទ្រង់ទ្រាយធំជាលើកដំបូង ក្រោយការបោះឆ្នោត។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

ប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ តែងតែបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងទៅកាន់ផ្ទៃមេឃ និងដែនទឹកជុំវិញកោះនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួន ដែលរដ្ឋាភិបាលតៃប៉ិបដិសេធ។

តៃវ៉ាន់បានបោះឆ្នោតកាលពីថ្ងៃសៅរ៍ ដើម្បីជ្រើសរើស លោក Lai Ching-te នៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលកំពុងកាន់អំណាច ជាប្រធានាធិបតីបន្ទាប់របស់ខ្លួន ដែលទីក្រុងប៉េកាំងបានរិះគន់ម្តងហើយម្តងទៀតថា ជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់ និងជាអ្នកបង្កសង្គ្រាម។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ចាប់ពីម៉ោង ៧:៥០ យប់ (ម៉ោងក្នុងតំបន់) នៅថ្ងៃពុធនេះ ខ្លួនបានប្រទះឃើញនូវយន្តហោះចំនួន ១៨ គ្រឿង រួមទាំងយន្តហោះចម្បាំង Su-30 ដែលកំពុងប្រតិបត្តិការនៅក្នុងដែនទឹកនៃភាគខាងជើង និងកណ្តាលតៃវ៉ាន់ និងភាគនិរតីនៃកោះតៃវ៉ាន់។

ក្រសួងការពារជាតិបានបន្ថែមថា យន្តហោះចំនួន ១១ គ្រឿងបានហោះពីលើខ្សែបន្ទាត់កណ្តាលនៃច្រកតៃវ៉ាន់ ឬតំបន់ដែលនៅជិតនោះ ដោយធ្វើការជាមួយនាវាចម្បាំងចិន ដើម្បីអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា»។ ខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់ ធ្លាប់ធ្វើជារបាំងមិនផ្លូវការរវាងភាគីទាំងពីរ ប៉ុន្តែឥឡូវនេះយន្តហោះរបស់ចិនជាញឹកញាប់ហោះហើរពីលើវា។ ចិន​និយាយ​ថា ខ្លួន​មិន​ទទួល​ស្គាល់​អត្ថិភាព​នៃ​ខ្សែ​នេះ​ទេ៕

រូបភាពពី Reuters