(បាងកក)៖ មន្ត្រីនៅនាយកដ្ឋានកែប្រែរបស់ប្រទេសថៃ បាននិយាយឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា អតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងជាប់ពន្ធនាគាររបស់ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការដោះលែងឱ្យនៅក្រៅឃុំនៅខែក្រោយ ដោយសារអាយុ និងសុខភាពរបស់គាត់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
មហាសេដ្ឋីថាក់ស៊ីន ដែលមានវ័យ៧៤ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារជំងឺលើសឈាម និងតឹងទ្រូង នាប៉ុន្មានម៉ោងក្រោយលោកបានវិលត្រឡប់មកប្រទេសថៃវិញក្នុងខែសីហា បន្ទាប់ពីការនិរទេសខ្លួនឯងរយៈពេល ១៥ឆ្នាំនៅក្រៅ
ប្រទេស។
លោក ថាក់ស៊ីន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៨ ឆ្នាំពីបទរំលោភអំណាច។ប៉ុន្តែទោសរបស់គាត់ត្រូវបានបន្ធូរបន្ថយមកត្រឹមមួយឆ្នាំវិញ បន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។
កាលពីសប្តាហ៍មុន រដ្ឋបាលពន្ធនាគារបានពន្យារការស្នាក់នៅក្នុងមន្ទីរពេទ្យប៉ូលិសរបស់គាត់ ដោយលើកឡើងពីតម្រូវការតាមដានស្ថានភាពសុខភាពរបស់គាត់។
អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក Sitthi Sutivong បានប្រាប់អ្នកសារព័ត៌មានក្នុងការឆ្លើយតបទៅនឹងសំណួរមួយ យ៉ាងដូច្នេះថា «ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ លោក ថាក់ស៊ីន មានសិទ្ធិទទួលបានការលើកលែងទោសពិសេស»។ ទោះយ៉ាងណា លោក Sitthi បាននិយាយថានាយកដ្ឋានពន្ធនាគារ មិនទាន់ទទួលបានសំណើផ្លូវការពីពន្ធនាគារបាងកក សម្រាប់ការដោះលែងគាត់ទេ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន ត្រូវបានទម្លាក់ចេញពីអំណាចនៅក្នុងរដ្ឋប្រហារយោធាមួយ ក្នុងឆ្នាំ ២០០៦ និងជាបេះដូងនៃភាពចលាចលមិនឈប់ឈររយៈពេល ១៧ ឆ្នាំរបស់ប្រទេសថៃ ដែលមានឥទ្ធិពលលើនយោបាយពីការនិរទេសរបស់ខ្លួន។
យោធាបានចោទប្រកាន់ លោក ថាក់ស៊ីន ដែលជាអតីតមហាសេដ្ឋីទូរគមនាគមន៍ និងជាម្ចាស់ក្លឹបបាល់ទាត់ Manchester City អំពីបទអំពើពុករលួយ បក្ខពួកនិយម និងការរំលោភបំពានអំណាច។ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារកំបាំងមុខក្នុងឆ្នាំ ២០០៨។ ប្អូនស្រីរបស់លោក គឺលោកស្រី Yingluck Shinawatra ត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រី នៅក្នុងរដ្ឋប្រហារយោធាមួយផ្សេងទៀត ក្នុងឆ្នាំ ២០១៤៕