(ស៉ីដនី)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអូស្រ្តាលី លោក Xiao Qian បាននិយាយនៅថ្ងៃពុធនេះថា ទីក្រុងប៉េកាំងមានយុទ្ធសាស្រ្តជួយ ដល់បណ្តាប្រទេសដីកោះក្នុងតំបន់ប៉ាស៉ីហ្វិក ក្នុងវិស័យប៉ូលិស មិនមែនវិស័យការពារជាតិនោះឡើយ ហើយការកើនឡើង នូវវត្តមានរបស់ខ្លួនក្នុងតំបន់ មិនគួរបង្ករការភ្ញាក់ផ្អើលអ្វីដល់អូស្រ្តាលីដែរ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។

លោក Xiao បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការសម្រេចចិត្តរបស់ប្រទេសដីកោះណូរូ ក្នុងសប្តាហ៍នេះ ដើម្បីបង្កើតទំនាក់ទំនងការទូត ជាមួយចិន ដោយងាកចេញពីតៃវ៉ាន់នោះ គឺជម្រើសរបស់ពួកគេខ្លួនឯង ហើយមិនបានប៉ះពាល់ដល់ ទំនាក់ទំនងរវាងអូស្រ្តាលី-ណូរូ ដែលជាប្រទេសដីកោះតូចមួយ មានប្រជាជន ១២,៥០០នាក់ និងកំពុងប្រើប្រាស់រូបិយបណ្ណអូស្រ្តាលីនោះទេ។ បណ្តាប្រទេសដីកោះប៉ាស៉ីហ្វិក ចង់មានទំនាក់ទំនងនយោបាយជាមួយចិន លក់ផលិតផលទៅកាន់ទីផ្សារចិន និងទទួលបានការវិនិយោគ ក៏ដូចជាជំនួយពីចិនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និងការថែរក្សាសណ្តាប់ធ្នាប់សង្គម។

លោក Xiao បានគូសបញ្ជាក់ថា «សន្តិសុខនៅក្នុងទំនាក់ទំនងរវាងចិន និងប្រទេសដីកោះប៉ាស៊ីហ្វិក គឺសំដៅជួយឲ្យពួកគេ មានស្ថិរភាពសង្គម។ វាមិនមែនជាយុទ្ធសាស្ត្រសម្រាប់សន្តិសុខយោធាទេ តែជាយុទ្ធសាស្ត្រដើម្បីជួយដល់មន្រ្តីប៉ូលិសរបស់ពួកគេ លើការងាររក្សាស្ថេរភាពសង្គម និងសណ្តាប់ធ្នាប់ជាមូលដ្ឋាន។ ដូច្នេះអូស្ត្រាលី មិនចាំបាច់ព្រួយបារម្ភឡើយ»

គួរបញ្ជាក់ថា ប្រទេសជិតខាងគ្នាក្នុងតំបន់ប៉ាស៉ីហ្វិកគឺ សូឡូម៉ុន និងគិរីបាទី បានងាកចេញពីការធ្វើទំនាក់ទំនងជាមួយតៃវ៉ាន់ទៅរកចិន នៅក្នុងឆ្នាំ ២០១៩។ អូស្ត្រាលី ដែលបារម្ភថាអាចជាទីតាំងយុទ្ធសាស្ត្រនៃប្រជុំកោះប៉ាស៉ីហ្វិក និងធ្លាប់ជាសមរភូមិ ក្នុងសង្គ្រាមលោកលើកទី២ បាននិយាយថា សន្តិសុខគួរតែត្រូវបានផ្តល់ដោយប្រទេសនៅក្នុងតំបន់ ដែលឲ្យតម្លៃលើប្រជាធិបតេយ្យដូចគ្នា មិនមែនចិននោះទេ៕

រូបភាពពី Xinhua