(ប៉េកាំង)៖ «តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន» នេះមិនត្រឹមតែជាការលើកឡើងរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឯកភាពរួមរបស់សហគមន៍អន្តរជាតិ ពិសេសគឺជាសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតអង្គការសហប្រជាជាតិ ពោលគឺរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល។

ពិតមែនតែក្នុងប្រវត្តិសាស្ត្រ តំបន់តៃវ៉ាន់ធ្លាប់បានត្រូវបំបែកចេញពីប្រទេសចិន ដោយសារកត្តាសង្គ្រាមក្តី ក៏ប៉ុន្តែកាលពី ៨០ ឆ្នាំមុន នៅឯទីក្រុងគែរប្រទេសអេហ្ស៊ីប ប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានចេញ «សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ» ដែលចែងយ៉ាងច្បាស់ថា «ប្រគល់កោះតៃវ៉ាន់ដែលជាទឹកដីរបស់ចិន ដែលត្រូវជប៉ុនលួចយកឱ្យប្រទេសចិនវិញ»។ បន្ទាប់មក មាត្រាទី ៨ នៃ «សេចក្តីប្រកាសក្រុង Postdam» ដែលចេញផ្សាយរួមគ្នាដោយប្រទេសចិន សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពសូវៀតក្នុងឆ្នាំ ១៩៤៥ បានចែងថា «សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ» នឹងត្រូវអនុវត្តជាដាច់ខាត។

នេះជាភស្តុតាងយ៉ាងលាក់ជាក់ដែលបញ្ជាក់ថា តំបន់តៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិននិងមិនអាចប្រកែកបាន។ ទោះបីជាបច្ចុប្បន្ននេះ នៅមិនទាន់បានបង្រួបបង្រួមក្តី ក៏ប៉ុន្តែជនរួមជាតិនៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់គឺមានឈាមជ័រតែមួយ ហើយមិនថាអាជ្ញាធរនៃដែនកោះតៃវ៉ាន់ ឬពួកអបគមន៍និយមដែលប៉ុនប៉ងឆ្លងតាមការគប់គិត ជាមួយកម្លាំងខាងក្រៅមួយចំនួន ដើម្បីបំបែកតៃវ៉ាន់ចេញពីប្រទេសចិន ប្រឹងត្រដរធ្វើសកម្មភាពក្បត់នឹងការពិតនៃប្រវត្តិសាស្ត្រ ក្បត់នឹងឆន្ទៈរបស់ប្រជាជនយ៉ាងណាក្តី ក៏ការបង្រួបបង្រួមជាតិនៃប្រទេសចិន គឺជានិន្នាការដែលចៀសមិនរួចឡើយ។

បច្ចុប្បន្ន ប្រទេសចិនបានបង្កើតទំនាក់ទំនងការទូតជាប្រទេសចំនួន ១៨២ នៅលើពិភពលោកដោយឈរលើមូលដ្ឋាន នៃគោលការណ៍ចិនតែមួយ។ អ្វីដែលគួរបញ្ជាក់គឺថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កូនប្រទេសមួយចំនួនតូចដែលបានបង្កើត «ទំនាក់ទំនងផ្លូវទូត» ជាមួយអាជ្ញាធរតៃវ៉ាន់បាននាំគ្នាផ្តាច់ «ទំនាក់ទំនងផ្លូវការ» ជាមួយតៃវ៉ាន់ហើយងាកមកបង្កើត ទំនាក់ទំនងផ្លូវទូតជាមួយ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនវិញ នេះបានសបង្ហាញថា ការបង្កើត «ទំនាក់ទំនងផ្លូវការ»ជាមួយតំបន់តៃវ៉ាន់វាស្មើនឹងការដាក់ខ្លួន ឱ្យនៅដាច់ដោយឡែកពីសហគមន៍អន្តរជាតិ និងផ្ទុយពីនិន្នាការទូទៅនៃសកលលោក ។ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤ នេះ រដ្ឋាភិបាលនៃប្រទេសណូរូ បានប្រកាសថានឹងផ្តាច់ «ទំនាក់ទំនងផ្លូវទូត» ជាមួយតំបន់តៃវ៉ាន់ និងមានឆន្ទៈស្តារទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិនឡើងវិញ ហើយប្រទេសចិនក៏បានបង្ហាញពី ការកោតសរសើរនិងស្វាគមន៍ចំពោះការនេះផងដែរ។

តើគោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ជានយោបាយអភិបាលកិច្ចដ៏មានប្រសិទ្ធភាព ឬជានយោបាយបំបិទសិទ្ធិសេរីភាព?

ប្រទេសចិនបានបញ្ជាក់ហើយថា បន្ទាប់ពីការបង្រួបបង្រួមតំបន់តៃវ៉ាន់ រដ្ឋាភិបាលមជ្ឈិមចិននឹងអនុវត្តគោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ដើម្បីធ្វើអភិបាលកិច្ចចំពោះតំបន់តៃវ៉ាន់ ដូចតំបន់ហុងកុងនិងម៉ាកាវដែរ ពោលគឺនឹងរក្សារបបសង្គម និងប្រព័ន្ធនយោបាយដើមរបស់តៃវ៉ាន់ តែត្រូវស្ថិតក្រោមអភិបាលកិច្ចរបស់រដ្ឋាភិបាលមជ្ឍិម។ យ៉ាងណាមិញ បស្ចិមប្រទេសមួយចំនួនតូច តែងឃោសនានិងញុះញង់ថា នយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» បានបំបិទសិទ្ធិសេរីភាពរបស់ហុងកុងនិងម៉ាកាវ តើសភាពពិតដូចជាការឃោសនាទេ ?

ជាក់ស្តែង អ្វីដែលយើងមើលឃើញច្បាស់នឹងភ្នែកគឺពលរដ្ឋហុងកុង និងម៉ាកាវ បានរស់ក្នុងសង្គមដែលមិនមានការផ្លាស់ប្តូរ របបនយោបាយចាស់ឡើយ ពោលគឺមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ ហើយតាមរយៈការតភ្ជាប់ជាមួយផែនការអភិវឌ្ឍន៍ របស់តំបន់ចិនដីគោក តំបន់ហុងកុងនិងម៉ាកាវទទួលបាន ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលបានរក្សាឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មអន្តរជាតិក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ជាពិសេស ទោះបីជាបច្ចុប្បន្ននេះសេដ្ឋកិច្ចពិភពលោក កំពុងស្ថិតក្នុងកំណើនទាបក្តី ក៏ប៉ុន្តែសេដ្ឋកិច្ចនៃតំបន់ហុងកុងនិងម៉ាកាវ បានរក្សាកំណើនលឿនបង្គួរ ដែលបញ្ជាក់ថា តំបន់ទាំងពីរនេះបានអភិវឌ្ឍ ក្រោមរបបនយោបាយដែលប្រកបដោយប្រសិទ្ធភាព។

អាស្រ័យហេតុនេះ ការដែលលើកឡើងពីការព្រួយបារម្ភថា ក្រោយពេលដែលតំបន់តៃវ៉ាន់វិលចូលមាតុប្រទេសវិញ ប្រជាពលរដ្ឋនឹងបាត់បង់សិទ្ធិសេរីភាព ហើយការអភិវឌ្ឍនឹងធ្លាក់ចុះនោះវាគ្មានភាពចាំបាច់ទេ ព្រោះក្រោយពេលបង្រួបបង្រួមជាតិទាំងមូល តំបន់តៃវ៉ាន់នឹងមានសន្ទុះអភិវឌ្ឍន៍កាន់តែខ្លាំងក្លា តាមរយៈការតភ្ជាប់ផែនការអភិវឌ្ឍន៍ជាមួយមជ្ឈិមចិន។

មិនថាការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ នៃតំបន់តៃវ៉ាន់មានលទ្ធផលយ៉ាងណាក្តី ក៏មិនអាចកែប្រែការពិតដែលតំបន់តៃវ៉ាន់ ជាផ្នែកមួយរបស់ប្រទេសចិននោះទេ ហើយក៏មិនអាចកែប្រែគំនិតឯកភាពរួម របស់សហគមន័អន្តរជាតិស្តីពីគោលការណ៍ចិនមួយនោះដែរ គឺដូចជាសេចក្តីថ្លែងការណ៍របស់ រាជរដ្ឋាភិបាលកម្ពុជាដែលចែងថា៖ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់ គោលនយោបាយចិនមួយថា ពាក់ព័ន្ធនឹងការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ របស់កម្ពុជាចំពោះ «គោលនយោបាយចិនមួយ» ដោយទទួលស្គាល់ សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល។

ជារួម លើពិភពលោកនេះមានប្រទេសចិនតែមួយគត់ ហើយរាល់សកម្មភាពដែលប៉ុនប៉ងបំបែកតំបន់តៃវ៉ាន់ ចេញពីប្រទេសចិនមុខជាត្រូវបរាជ័យជាមិនខាន៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន