(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកបានថ្លែងថាក្រុម អេលីត SEALs ចំនួន២នាក់បានបាត់ខ្លួន បន្ទាប់ពីមានការ ចាប់ទូកទំនិញដែលដឹកជញ្ជួនអាវុធរបស់អ៊ីរ៉ង់ ផ្តល់ទៅឱ្យក្រុមហ៊ូធីក្នុងដែនសមុទ្ទក្រហម។ សហរដ្ឋអាមរិកបានបង្កើន ការវាយប្រហារដាក់លើក្រុមហ៊ូធី នៅលើទឹកដីប្រទេសយេម៉ែនជា បន្ថែមទៀត ដែលបង្កឱ្យមានក្តីបារម្ភជុំវិញ ការរាលដាលសង្គ្រាម កាន់តែធំក្នុងតំបន់មជ្ឈិមបូព៌ា។

ក្រុមយោធាអាមេរិកបាននិយាយ កាលពីថ្ងៃអង្គារទី១៦មករាថា គេបានរឹបអូសទូកដឹកទំនិញ មួយគ្រឿងដែលផ្ទុកអាវុធទំនើបៗ បញ្ជួនពីប្រទេសអ៊ីរ៉ង់ទៅឱ្យក្រុមឧទ្ទាមហ៊ូធី នៃប្រទេសយេម៉ែន។ ឧត្តមសេនីយ៍ Michael Erik Kurilla នៃទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានចាត់ទុកថានេះគឺជាភស្ថុតាងដែលបង្ហាញថា "អ៊ីរ៉ង់នៅតែបន្ត ការដឹកជញ្ជូនជំនួយអាវុធសម្លាប់ មនុស្សដល់ពួកក្រុម Houthi គ្រាដែលពេលពួកគេ វាយប្រហារដាក់លើនាវាពាណិជ្ជកម្ម នៅក្នុងដែនសមុទ្ទក្រហម។

ឧត្តមសេនីយ៍ Michael Erik Kurilla នៃបញ្ជាការដ្ឋាន CENTCOM បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា នៅជាមួយគ្នានេះកងកម្លាំង SEALs របស់សហរដ្ឋអាមេរិកចំនួន ពីររូបដែលចូលរួមក្នុងប្រតិបត្តិការរឹបអូសយក នាវាដឹកគ្រឿងសព្វាវុធនោះ ក្រោយមកត្រូវបានបាត់ខ្លួន។

SEALs គឺជាក្រុមទាហានអេលីត ដែលប្រតិបត្តិការតាមសមុទ្ទ, តាមអាកាស និង តាមដីគោក ដែល គេហៅកាត់ថា SEAL។ លោកឧត្តមសេនីយ៍ មេបញ្ជាការអាមេរិកដដែលរូបនេះបានថ្លែងថា ការស្វែងរកសមាជិក SEALs ដែលបាត់ខ្លួននៅតែបន្ត ចាប់តាំងពីថ្ងៃទី១១ មករា ដែលមានការចាប់ទូកដឹក ជញ្ជួនអា វុធអ៊ីរ៉ង់ផ្តល់ទៅឱ្យក្រុមហ៊ូធីនោះមក។ សមាជិក SEALs ទាំង២រូបដែលបានបាត់ខ្លួន នោះគឺជាអ្នកបានឡើងទៅលើទូកដឹកទំនិញ នាកណ្តាលសមុទ្ទនោះ ក្នុងការបំពេញប្រតិបត្តិការទាំង កណ្តាលយប់។ សេចក្តីរាយការណ៍និយាយថា សមាជិកក្រុម SEALs ម្នាក់ក្នុងពេលបំពេញប្រតិបត្តិការ បានធ្លាក់ចូលក្នុងទឹកសមុទ្ទ, ចំណែកម្នាក់ទៀត បានលោតចូលក្នុងសមុទ្ទដើម្បីជួយសង្គ្រោះ ក្រោយដែលមានមិត្តរួមអាវុធរបស់ខ្លួន បានធ្លាក់ចូលទៅក្នុងទឹកនោះមក។ អ្នកទាំង២ បានបាត់ខ្លួនតាំងពីពេលនោះមក។ មនុស្ស១៤នាក់នៅលើទូកដឹកទំនិញនោះ ត្រូវបានចាប់ខ្លួន និងទូកដឹកទំនិញ ដែលគ្មានសុវត្ថិភាពនោះ ត្រូវគេរាយការណ៍ថាបានលិចចូលក្នុងសមុទ្ទ។ ប៉ុន្តែអាវុធជាច្រើនត្រូវបានរឹបអូស ពីលើទូកដឹកទំនិញដ៏ធំនោះ។

អាវុធដែលបានរឹបអូសពី លើទូកដឹកទំនិញនោះរួមមានសម្ភារៈសឹកដែលសម្រាប់ផ្តល់កម្លាំង បាញ់ជំរុញ, ក្បាលគ្រាប់សម្រាប់ បាញ់មីស៊ីលបាលីស្ទីក រយៈចម្ងាយមធ្យម, មីស៊ីលគ្រូស សម្រាប់បាញ់កប៉ាល់ និងឧបករណ៍យោធាជាច្រើនទៀត សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធវាយ ប្រហារតាមផ្លូវអាកាស។ គ្រាប់ និងឧបករណ៍យោធាដែលរឹបអូសបានទាំងនេះ ត្រូវគេចាត់ទុក ថាគឺជាសម្ភារៈជំនួយយោធា ដែលអ៊ីរ៉ង់ផ្តល់ទៅឱ្យក្រុមហ៊ូធី ដើម្បីការបន្តធ្វើសកម្មភាពវាយ អុកឡុករំខានដល់សកម្មភាពដឹក ជញ្ជួនកប៉ាល់ពាណិជ្ជកម្មតាមដែនសមុទ្ទក្រហម។ សេចក្តីរាយការណ៍បង្ហាញថាអាវុធ ដែលក្រុមហ៊ូធីធ្លាប់បានវាយប្រហារ ដាក់លើកប៉ាល់នានាយ៉ាង ហោចជិត៣០ដងកន្លងមកនេះ គឺជាអាវុធដូចនឹងប្រភេទ ដែលស្ទាក់ចាប់បាននៅលើទូកដឹកទំនិញនេះ។ ការបាត់ខ្លួនក្រុមទាហានអេលីតទាំង២ ជាមួយនឹងការចាប់អាវុធបានទាំងនេះ បានជំរុញឱ្យមានការវាយប្រហារដាក់ ជាបន្ថែមទៀតទៅលើក្រុមហ៊ូធីនៃប្រទេសយេម៉ែន។

មន្ត្រីអាមេរិកម្នាក់បានថ្លែងកាលពីថ្ងៃអង្គារថា ការវាយប្រហារតាមផ្លូវអាកាសជាបន្ថែមទៀត ដាក់លើគោលក្រុមហ៊ូធីដែលអ៊ីរ៉ង់គាំទ្រ នៅលើទឹកដីប្រទេសយេម៉ែននោះ បានធ្វើឡើងពេញមួយយប់។ មន្ត្រីអាមេរិកដដែលរូបនោះ បានឱ្យដឹងថាក្នុងការវាយប្រហារ តាមផ្លូវអាកាសនោះ មីស៊ីលប្រឆាំងនាវាចំនួនបួនគ្រឿង ដែលត្រៀមបាញ់ចេញពីកន្លែងដែលហ៊ូធី គ្រប់គ្រងលើទឹក ដីប្រទេសយេម៉ែននោះ ត្រូវបានវាយចំគោលដៅ និងបានបំផ្លាញចោល។ នេះជាការវាយប្រហារថ្មីជាបន្ថែមទៀតគឺជាលើកទីបី បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសុក្រសប្តាហ៍មុន ជាមួយកិច្ចសហការ នឹងប្រទេសអង់គ្លេសនិងក្រុមប្រទេសសម្ព័ន្ធដទៃទៀតនោះ បានបាញ់ដាក់លើ គោលដៅឃ្លាំង ផ្ទុកអាវុធមីស៊ីលនិងដ្រូនរបស់ក្រុម Houthi និងកន្លែងយោធានានាដទៃទៀត របស់ក្រុមហ៊ូធី។

មន្ត្រីទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានថ្លែងព្រមានថានឹងការវាយប្រ ហារជាបន្ថែមទៀតដាក់លើក្រុមហ៊ូធីនេះ។ មន្ត្រីទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានថ្លែងក្នុងវេទិកាសេដ្ឋកិច្ចពិភព លោកក្នុងក្រុងដាវ៉ូសប្រទេសស្វីសថា «យើងគិតថាក្រុមហ៊ូធី នឹងបន្តការគំរាមនៅលើដែនទឹក នៃសសៃឈាមសេដ្ឋកិច្ច ឱ្យរងនឹងហានិភ័យជាបន្តទៀត…ដូច្នេះយើងនឹងរក្សាសិទ្ធិក្នុងការចាត់វិធានការប្រឆាំងហ៊ូធីជាបន្ថែមទៀត ប៉ុន្តែកិច្ចការនេះគឺត្រូវការការចូលរួមទាំងអស់គ្នា»

* ក្រុម Houthi នៅតែបន្តការវាយប្រហារដាក់មកលើ កប៉ាល់ដឹកទំនិញក្នុងដែនឈូងសមុទ្ទក្រហម បើទោះបីជាមានការវាយប្រហារជាបន្តបន្ទាប់ ប្រឆាំងនឹងក្រុម Houthis ជាមួយនឹងការបាត់ទា ហានអេលីតអាមេរិកទាំង២ ដែលគេជឿថាបានបង់ជីវិតក៏ដោយ, អំពើវាយប្រហាររបស់ក្រុមហ៊ូធី នៅតែបន្តធ្វើតាមផ្លូវទឹក ដែលជាកន្លែងដឹកជញ្ជួនដ៏សំខាន់ សម្រាប់តំបន់មជ្ឈិមបូព៌ា។ ក្រុម Houthis បានប្តេជ្ញាបន្តវាយប្រហារដាក់លើ កប៉ាល់ដឹកជញ្ជួនណា ដែលពួកគេចាត់ទុកថា មានទំនាក់ទំនងជាមួយអ៊ីស្រាអែល ឬសម្ព័ន្ធមិត្តអន្តរជាតិរបស់រដ្ឋាភិបាលក្រុង Tel Aviv ដើម្បីបង្ហាញនូវសាមគ្គីរបស់ខ្លួន គាំទ្រក្រុមហាម៉ាសប៉ាឡេស្ទីន ដែលរងការវាយប្រហារដោយអ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា។

កាលពីថ្ងៃច័ន្ទ ទី១៥ មករា មីស៊ីលមួយគ្រឿងបានវាយប្រហារលើនាវាពាណិជ្ជកម្មដែលគ្រប់ គ្រងដោយសហរដ្ឋអាមេរិកនៅក្នុង ដែនសមុទ្ទក្រហម បណ្តាលឱ្យមានភ្លើងឆេះនៅក្នុងឃ្លាំង ផ្ទុកទំនិញ ប៉ុន្តែមិនមានការខូចខាតធ្ងន់ធ្ងរ ឬរងរបួសអ្វីនោះឡើយ។ ទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្រ របស់យោធាចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃអង្គារថា គេបានទទួលរបាយការណ៍នៃឧប្បត្តិហេតុមួយ នៅភាគខាងលិចនៃប្រទេសយេ ម៉ែនដែលកាន់កាប់ដោយ Houthi ខណៈដែលក្រុមហ៊ុនសុវត្ថិភាព ដែនសមុទ្រឯកជនរបស់ អង់គ្លេស Ambrey បាននិយាយថា កប៉ាល់ដឹកទំនិញដែលមានទង់ជាតិម៉ាល់តា ត្រូវបានក្លាយជាគោលដៅនិងរងការប៉ះទង្គិច ដោយមីស៊ីលមួយគ្រាប់ ក្នុងពេលកប៉ាល់កំពុងធ្វើដំណើរឆ្លង កាត់ដែនសមុទ្ទក្រហមភាគខាងត្បូង។

កប៉ាល់ដែលរងការវាយប្រហារនោះ គឺជាកប៉ាល់ដែលបានចូលចត ក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម Gaza មក ហើយកប៉ាល់នេះ ត្រូវបានធ្វើដំណើរទៅកាន់ព្រែកជីក Suez ប៉ុន្តែក្រោយរងការវាយប្រហារកប៉ាល់នោះ ក៏បានផ្លាស់ប្តូរផ្លូវធ្វើដំណើរដោយ ការវិលត្រឡប់ទៅកាន់កំពង់ផែវិញ។ រហូតមកទល់នឹងពេលនេះ ក្រុមហ៊ូធីត្រូវគេឃើញថា នៅតែបន្តការប្តេជ្ញាវាយប្រហារដាក់លើ កប៉ាល់ដឹកជញ្ជួនទំនិញនានា នៅក្នុងដែនសមុទ្ទក្រហមនៅឡើយទេ។

នៅឯឆ្នេរសមុទ្ទនៃទឹកដីប្រទេសយេម៉ែននោះវិញ រូបភាពនៃឃ្លីបវីដេអូមួយបានបង្ហាញនូវភាព រីករាយរបស់ក្រុមហ៊ូធីដែលអ៊ីរ៉ង់គាំទ្រ ដែលកំពុងច្រៀងលេងសប្បាយលើកប៉ាល់ Galaxy Leader ដែលក្រុមហ៊ូធីបានចាប់រឹបអូសកាលពីខែវិច្ឆិកា ជាមួយនឹងការរើសកម្លាំងទាហានថ្មី ដើម្បីបំរើកងកម្លាំងហ៊ូធីថែមទៀត។ កប៉ាល់ Galaxy Leader ពេលនេះ បានក្លាយជាកប៉ាល ជ័យភណ្ឌដែលត្រូវក្រុមហ៊ូធីប្រើប្រាស់ និងជាកន្លែងដែលបំរើជាឧបករណ៍ឃោសនាផ្ទាល់ខ្លួន ថែមទៀត។ នេះជារូបភាពមួយ ដែលមានការវាយតម្លៃថាក្រុមហ៊ូធី នឹងមិនព្រមបញ្ឈប់សកម្ម ភាពរបស់ខ្លួនលើសកម្មភាពវាយប្រហារ ដាក់លើដែនសមុទ្ទក្រហម ឡើយ។ ក្រុមហ៊ូធីបាន ប្រកាសសង្គ្រាមដាក់លើអ៊ីស្រាអែល និងប្តេជ្ញាការធ្វើសកម្មភាពអុកឡុក តាមសមុទ្ទក្រហម រហូតលុះត្រាណាតែអ៊ីស្រាអែល បញ្ឈប់ការធ្វើសកម្មភាពឈ្លានពាន ដាក់មកលើតំបន់ហ្គាហ្សា។

នៅក្នុងតំបន់ហ្គាហ្សានោះវិញ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតែមានសភាពខ្លាំងក្លានៅឡើយ ក្នុងយុទ្ធនាការកំចាត់ក្រុមហាម៉ាស។ សេចក្តីរាយការណ៍២៤ម៉ោងកន្លងមកនេះ បានឱ្យដឹងថាមានជនជាតិប៉ាឡេស្ទីន២៣នាក់ ត្រូវបានគេសម្លាប់ក្នុងតំបន់ Khan Younis ដែលនាំ ឱ្យចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់កើនឡើងដល់ ២ម៉ឺន៤ពាន់២៨៥នាក់ និងប្រមាណជាង៦ម៉ឺន១ពាន់១៥០នាក់ បានរងរបួស។ នៅជាមួយគ្នានេះផងដែរ សេចក្តីរាយការណ៍បង្ហាញតួលេខ ទាហានអ៊ីស្រាអែលដែលបានបាត់បង់ជីវិតក្នុងប្រតិបត្តិការ កំចាត់ក្រុមហាម៉ាសនេះ បានកើន ដល់ចំនួន១៨៨នាក់ ហើយជាមួយនឹងមានទាហានរងរបួស ចំនួន១ពាន់១៣៥នាក់ផងដែរ គិត ត្រឹមថ្ងៃពុធទី១៧មករាឆ្នាំ២០២៤។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកណេថាន់យ៉ាហ៊ូ ត្រូវគេរាយការណ៍ដកស្រង់សម្តីដែលបញ្ជាក់ ប្រាប់ក្នុងកិច្ចប្រជុំជាមួយ មន្ត្រីក្រោមបង្គាប់កាលពីថ្ងៃអង្គារ៍កន្លងមកនេះ ថាលោករំពឹងការធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាសនេះ នឹងពន្យាពេលវែង ចូលដល់ឆ្នាំ២០២៥ថែមទៀត៕

រូបភាពពី Reuters