(បាងកក)៖ នាថ្ងៃពុធនេះ តុលាការនៅប្រទេសថៃ បានសម្រេចផ្តន្ទាទោសមេសកម្មជនម្នាក់ ឱ្យជាប់ពន្ធនាគារបន្ថែម៤ឆ្នាំទៀត ពីបទប្រមាថព្រះមហាក្សត្រ តាមរយៈការបង្ហោះសារ លើបណ្តាញទំនាក់ទំនងសង្គម កាលពីឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។

លោក Arnon Nampa ដែលជាមេធាវីផ្នែកសិទ្ធិមនុស្ស មានអាយុ៣៩ឆ្នាំ បាននិងកំពុងអនុវត្តទោសជាប់ពន្ធនាគារ រយៈពេល៤ឆ្នាំស្រាប់ ចាប់តាំងតែពីខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីរូបលោក ត្រូវបានតុលាការរកឃើញមានទោស ដោយសារសម្តីនិយាយពាក់ព័ន្ធរបបរាជានិយមថៃ ក្នុងការធ្វើសុន្ទរកថា អំលុងការប្រមូលផ្តុំបាតុកម្ម កាលពីឆ្នាំ២០២០។ សាលក្រមជាប់ពន្ធនាគារ៤ឆ្នាំបន្ថែមខាងលើ គឺនឹងត្រូវអនុវត្តបន្តគ្នា មិនមែនជាស្របគ្នានោះទេ ដែលមានន័យថា លោក Arnon នាពេលនេះ ត្រូវជាប់ក្នុងពន្ធនាគារសរុប៨ឆ្នាំ។

គួរបញ្ជាក់ថា ថៃគឺជាប្រទេសដែលមានច្បាប់ប្រឆាំង ការប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងបំផុតមួយ នៅលើពិភពលោក ខណៈអ្នកប្រព្រឹត្តល្មើស​អាចប្រឈមជាប់ពន្ធនាគារ រហូតដល់១៥ឆ្នាំ សម្រាប់បទចោទប្រកាន់នីមួយៗ។ សាលក្រមកាត់ទោសនាថ្ងៃពុធនេះ គឺសម្រាប់សំណុំរឿង​ទី២ ក្នុងចំណោមសំណុំរឿងសរុបចំនួន១៤ ប្រឆាំងនឹងរូបលោក។ លោក Arnon បានប្រែក្លាយពីមេធាវីទៅជាមេដឹកនាំចលនាបាតុកម្ម ដែលបានធ្វើសកម្មភាពតវ៉ាកក្រើកទីក្រុងបាងកក កាលពីឆ្នាំ២០២០ ក្រោមគោលដៅទាមទារ ឱ្យមានការធ្វើកំណែទម្រង់របបរាជានិយម៕

រូបភាពពី Reuters