(ប៉េកាំង)៖ ចំនួនប្រជាជននៃប្រទេសចិន បានបន្តថយចុះសម្រាប់រយៈពេល២ឆ្នាំជាប់គ្នា កាលពីឆ្នាំ២០២៣ ខណៈវាគឺជាការពន្លឿនថែមទៀតនូវទិន្នាការមួយ ដែលអាចនឹងជះផលប៉ះពាល់រយៈពេលវែង ទៅលើសក្តានុពលនៃកំណើនសេដ្ឋកិច្ច របស់់ប្រទេសមហាយក្សអាស៉ីមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។
ការិយាល័យជាតិស្ថិតិចិន បានចេញរបាយការណ៍បង្ហាញថា ចំនួនប្រជាជនសរុបនៅក្នុងប្រទេសចិន បានថយចុះអស់ចំនួន២.៧៥លាននាក់ មកនៅ១.៤០៩ពាន់លាននាក់ កាលពីឆ្នាំ២០២៣ ដែលជាសន្ទុះថយចុះលឿនជាងឆ្នាំ២០២២ទៅទៀត ខណៈការធ្លាក់ចុះចំនួនប្រជាជន កាលពីឆ្នាំ២០២២ គឺជាលើកដំបូងបង្អស់សម្រាប់ចិន គិតចាប់តាំងពីឆ្នាំ ១៩៦១មក អំឡុងមហាគ្រោះទុរ្ភិក្ស Great Famine។
កាលពីអំឡុងដើមឆ្នាំមុន ចិនបានជួបប្រទះការកើនឡើងខ្លាំង នៃករណីកូវីដ១៩ នៅទូទាំងប្រទេស បន្ទាប់ពីការអនុវត្តវិធានការបង្ការយ៉ាងតឹងរ៉ឹង អស់រយៈពេល៣ឆ្នាំ បានជួបគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺនេះ រហូតទាល់តែអាជ្ញាធរបានសម្រេចចិត្ត លុបចោលចំណាត់ការទាំងនោះវិញភ្លាមៗ កាលពីខែធ្នូ ឆ្នាំ២០២២។ ម៉្យាងវិញទៀត អត្រាកំណើតនៅប្រទេសចិន ក៏បានធ្លាក់ចុះអស់រយៈពេលច្រើនទសវត្សរ៍មកហើយផងដែរ ដោយសារតែគោលនយោបាយកូនមួយ ដែលត្រូវបានអនុវត្តចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥ បូករួមជាមួយការធ្វើនគររូបនីយកម្មយ៉ាងឆាប់រហ័ស អំឡុងពេលនោះ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) ចំនួនប្រជាជនចិននឹងថយចុះសរុបចំនួន១០៩លាននាក់ នៅត្រឹមឆ្នាំ២០៥០។ កាលពីឆ្នាំមុន ឥណ្ឌាបានវ៉ាចិនក្លាយជាប្រទេស ដែលមានប្រជាជនច្រើនជាងគេបង្អស់ នៅលើពិភពលោក៕
រូបភាពពី Reuters