(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានលើកសរសើរអំពីទំនាក់ទំនងរបស់ទីក្រុងព្យុងយ៉ាងជាមួយរុស្ស៉ី និងបានបើកកិច្ចពិភាក្សាគ្នា នៅវិមានក្រឹមឡាំង ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក្នុងការបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។

វិមានក្រឹមឡាំងបានប្រកាសឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Sun Hui និងរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បានរាយការណ៍ប្រាប់លោក ពូទីន អំពីលទ្ធផលនៃកិច្ចពិភាក្សារវាងប្រមុខការទូតទាំងពីរ ដែលបានប្រព្រឹត្តទៅនៅក្នុង​ថ្ងៃដដែល។ វិមានក្រឹមឡាំង មិនបានផ្តល់ ខ្លឹមសារលម្អិតជាងនេះទៀតឡើយ។ លោកស្រី Choe បានទៅដល់ទីក្រុងមូស្គ កាលពីថ្ងៃអាទិត្យ​ចុងសប្តាហ៍មុន ហើយក្នុងជំនួបពិភាក្សាជាមួយលោក ​Lavrov លោកស្រីក៏បានសាទរផងដែរ ចំពោះវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀង ដែលសម្រេចបានអំឡុងទស្សនកិច្ចរបស់ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅកាន់ភាគខាងកើតប្រទេសរុស្ស៉ី កាលពីខែកញ្ញា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា អំលុងទស្សនកិច្ចរបស់លោក គីម ទៅកាន់រុស្ស៉ី លោក ពូទីន បានទទួលយកការអញ្ជើញឱ្យទៅបំពេញដំណើរទស្សនកិច្ច នៅកូរ៉េខាងជើង ហើយជំនួបពិភាក្សា របស់លោកស្រី Choe នៅទីក្រុងមូស្គូ ត្រូវគេរំពឹងថា នឹងជជែកពីលទ្ធភាពនៃការធ្វើទស្សនកិច្ចនោះ។ ក្រោយឡើងកាន់អំណាច ជាប្រធានាធិបតីរុស្ស៉ី ជំនួសលោក Boris Yeltsin កាលពីចុងឆ្នាំ១៩៩៩ លោក ពូទីន បានបំពេញទស្សនកិច្ច​ទៅកាន់ទីក្រុងព្យុងយ៉ាង នៅខែកក្កដា ឆ្នាំ២០០០ ដើម្បីជួបពិភាក្សាជាមួយអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៉ីល ដែលត្រូវជា​ឪពុករបស់លោក គីម ជុងអ៊ុន៕