(អ៉ីសា្លម៉ាបាដ)៖ នៅថ្ងៃពុធនេះ ប៉ាគីស្ថានបានអះអាងថា មានការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីរ៉ង់ មកលើទឹកដីរបស់ខ្លួនសម្លាប់កុមារ ២នាក់ បន្ទាប់ពីអ៉ីរ៉ង់ប្រកាសពីការវាយប្រហារនៅអ៉ីរ៉ាក់ និងស៉ីរីប្រឆាំងនឹងអ្វីដែលខ្លួនហៅថាជា «ក្រុមភេរវករប្រឆាំងអ៉ីរ៉ង់»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។

ប៉ាគីស្ថានបានថ្កោលទោសការវាយប្រហារកាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ នៅជិតព្រំដែនរួមរបស់ប្រទេសទាំងពីរថាជា «រឿងមិនអាចទទួលយកបានទាំងស្រុង» ដោយបន្ថែមថាគ្មានការបង្កហេតុណាមួយឡើយ។ បើតាមគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ាគីស្ថាន ការផ្ទុះមួយបានកើតឡើងនៅក្នុងខេត្ត Balochistan ដែលជាព្រំប្រទល់រវាងប៉ាគីស្ថាន និងអ៉ីរ៉ង់ប្រវែងជិត ១,០០០គីឡូម៉ែតត្រ និងមានប្រជាជនរស់នៅតិចតួច។

ភ្លាមៗនេះ អ៉ីរ៉ង់មិនបានផ្តល់ការអត្ថាធិប្បាយជាផ្លូវការណាមួយទេ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានរដ្ឋ Nour News រាយការណ៍ថា ការវាយប្រហារមួយ បានបំផ្លាញទីស្នាក់ការកណ្តាលរបស់ក្រុមជីហាដ Jaish al-Adl នៅប៉ាគីស្ថាន។ ក្រុមនេះបង្កើតឡើងកាលពីឆ្នាំ ២០១២ ហើយត្រូវបានអ៉ីរ៉ង់ដាក់ចូលក្នុងបញ្ជីខ្មៅជាក្រុមភេវករ និងធ្លាប់ធ្វើការវាយប្រហារជាច្រើនលើកមកលើទឹកដីអ៉ីរ៉ង់។

គួរបញ្ជាក់ថា ទីក្រុងតេហេរ៉ង់ និងទីក្រុងអ៉ីស្លាម៉ាបាដ តែងតែចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការអនុញ្ញាតឲ្យក្រុមសកម្មប្រយុទ្ធធ្វើប្រតិបត្តិការវាយប្រហារចេញពីទឹកដីរបស់ភាគីម្ខាងៗ ប៉ុន្តែវាកម្រណាស់ដែលកងកម្លាំងផ្លូវការរបស់ភាគីទាំងសងខាងចូលរួម៕

រូបភាពពី AFP