(ដាវ៉ូស, ស្វីស)៖ នាយករដ្ឋមន្រ្តីចិន លោក Li Qiang បានប្រាប់ដល់បណ្តាអ្នកនយោបាយ និងក្រុមធុរជន នៅក្នុងទីក្រុងដាវ៉ូស នៃប្រទេសស្វីស កាលពីថ្ងៃពុធសប្តាហ៍នេះថា របាំងពាណិជ្ជកម្មដែលមានលក្ខណៈ «រើសអើង» គឺជាការគំរាមហែងចំពោះសេដ្ឋកិច្ចពិភពលោក ប៉ុន្តែសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ការរឹតត្បិតលើវិស័យបន្ទះឈីប បែបជាវិធានការការពារសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។

ការកត់សម្គាល់របស់លោក Li ធ្វើឡើងក្នុងពែលដែលសន្និសីទប្រចាំឆ្នាំលើកទី ៥៤នៃវេទិកាសេដ្ឋកិច្ចពិភពលោក ត្រូវប្រឈមុខនឹងហានិភ័យជាសកលមួយចំនួន ដែលរួមមានសង្គ្រាមនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សា ការប្រែប្រួលអាកាសធាតុ ក៏ដូចជាការរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត (AI) ជាដើម។

លោក Li បានបញ្ជាក់ថា «វិធានការរើសអើងក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគបានលេចឡើងជារៀងរាល់ឆ្នាំ ដោយបង្កជាឧបសគ្គ ឬការរំខានដល់កំណើន ឬរារាំងលំហូរនៃចរន្តសេដ្ឋកិច្ចពិភពលោក»។ ទោះជាលោក Li មិនបានបញ្ចេញឈ្មោះប្រទេសណាមួយ ប៉ុន្តែកន្លងមកចិនតែងតែតានតឹងជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជុំវិញការធ្វើពាណិជ្ជកម្ម ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ជាពិសេសលើវិស័យបច្ចេកវិទ្យាទំនើប និងថាមពលស្អាត។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ លោក Li ក៏បានធ្វើឡើងមួយថ្ងៃ ក្រោយតៃវ៉ាន់បោះឆ្នោតជ្រើសរើសបានមេដឹកនាំថ្មី ដែលនាំឲ្យមានការឆ្លើយឆ្លងគ្នារវាងក្រុមមន្រ្តីអាមេរិក និងចិន ជុំវិញទំនាក់ទំនងរវាងតៃវ៉ាន់ជាមួយបណ្តាប្រទេសនានា៕

រូបភាពពី AFP