(ដាវ៉ូស)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងដាវ៉ូស បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបន្តវាយលុកអ៊ុយក្រែន បើទោះបីជាការប្រយុទ្ធត្រូវបានផ្អាកនៅលើផ្នែកខាងមុខដ៏ធំទូលាយក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

នាឱកាសនោះ លោក Zelensky បាននិយាយយ៉ាងដូច្នេះថា «បន្ទាប់ពីឆ្នាំ ២០១៤ មានការប៉ុនប៉ងដើម្បីបង្កក (បញ្ឈប់) សង្រ្គាមនៅតំបន់ Donbass ដោយមានអ្នកធានាដ៏មានឥទ្ធិពលបំផុត គឺអធិការបតីអាល្លឺម៉ង់ ប្រធានាធិបតីបារាំង។ ប៉ុន្តែលោក ពូទីន គឺជាអ្នកប្រមាញ់ដែលមិនពេញចិត្តនឹងការបញ្ឈប់ធ្វើសង្គ្រាមនោះទេ»

ក្នុងអំឡុងពេលសុន្ទរកថាដដែល លោកក៏បាននិយាយដែរថា អ៊ុយក្រែន «ត្រូវតែមានឧត្តមភាពផ្លូវអាកាសលើប្រទេសរុស្ស៊ី» នៅក្នុងសង្រ្គាម។ ទន្ទឹមគ្នានេះ លោកបានសង្កត់ធ្ងន់ថា «វាសំខាន់ណាស់ដែលអ្នកឈរជាមួយយើង ហើយខ្ញុំសូមអរគុណចំពោះការគាំទ្ររបស់អ្នក។ ការនៅទីនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបង្កើនការវិនិយោគរបស់អ៊ុយក្រែន និងគាំទ្រសេដ្ឋកិច្ចរបស់យើង»

គួរបញ្ជាក់ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង ​របស់​លោក Zelensky ទៅ​កាន់​ទីក្រុងដាវ៉ូស ក្នុង​នាម​ជា​ប្រធានាធិបតី បន្ទាប់​ពី​បាន​និយាយ​តាម​វីដេអូ​កាល​ពី​ឆ្នាំ​មុន៕

រូបភាពពី​ Reuters