(បាកដាដ)៖ ​​អ៊ីរ៉ាក់ នៅថ្ងៃអង្គារ (ទី១៦ មករា) នេះ បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅក្រុងតេអេរ៉ង់ ឱ្យត្រឡប់ចូលប្រទេសវិញ និងបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះការបាញ់ប្រហារដោយមីស៊ីលដ៏សាហាវរបស់អ៊ីរ៉ង់ ទៅលើតំបន់ស្វយ័តឃឺដរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បាននិយាយថា ឯកអគ្គរដ្ឋទូត លោក Nasir Abdul Mohsen «ត្រូវបានកោះហៅមកប្រទេសវិញ សម្រាប់ការពិគ្រោះយោបល់នៅក្នុងបរិបទ នៃការវាយប្រហារចុងក្រោយបង្អស់របស់អ៊ីរ៉ង់លើ (រដ្ឋធានីក្នុងតំបន់) Erbil ដែលក្នុងនោះមានអ្នកស្លាប់ និងរបួស»

កាលពីព្រឹកថ្ងៃអង្គារ (ទី១៦ មករា) នេះ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានបាញ់មីស៊ីលផ្លោងទៅលើអ្វីដែលខ្លួនអះអាងថា ជា «ទីស្នាក់ការចារកម្ម» របស់អ៊ីស្រាអែលនៅក្នុងតំបន់ឃឺដ នៃប្រទេសអ៊ីរ៉ាក់ ដើម្បីជាការឆ្លើយតបទៅនឹងការធ្វើឃាតអ៊ីស្រាអែលនាពេលថ្មីៗនេះលើមេបញ្ជាការអ៊ីរ៉ង់។

ក្រុមប្រឹក្សាសន្តិសុខក្នុងតំបន់ស្វយ័តឃឺដអ៊ីរ៉ាក់ បាននិយាយថា ការវាយប្រហារនេះបានសម្លាប់មនុស្ស ៤ នាក់ និង ៦ នាក់ផ្សេងទៀតរងរបួស។

គណបក្សប្រជាធិបតេយ្យឃឺឌីស្ថាន ដែលជាគណបក្សនយោបាយសំខាន់ក្នុងតំបន់ បាននិយាយថា អ្នកស្លាប់បាត់បង់ជីវិត រួមមានទាំងមហាសេដ្ឋីអចលនទ្រព្យដ៏លេចធ្លោម្នាក់ ព្រមទាំងសមាជិកគ្រួសារផ្សេងទៀត ដែលផ្ទះរបស់ពួកគេត្រូវបានរងការវាយប្រហារ។

របាយការណ៍ក្រសួងការបរទេស បាននិយាយថា អ៊ីរ៉ាក់នឹងដាក់ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញការវាយប្រហាររបស់អ៊ីរ៉ង់លើអធិបតេយ្យភាពរបស់ខ្លួន។

គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់ ក៏បានវាយប្រហារទៅលើគោលដៅ ដែលហៅថាក្រុមរដ្ឋឥស្លាមនៅភាគខាងលិចប្រទេសស៊ីរីភាគផងដែរ ខណៈដែលការប្រយុទ្ធរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាសដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ា និងបានទាញការថ្កោលទោសពីសហរដ្ឋអាមេរិក។

អ៊ីរ៉ង់បានការពារការវាយប្រហាររបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដោយហៅវាថាជា «ប្រតិបត្តិការដែលមានគោលដៅ» និង «គ្រាន់តែជាការដាក់ទណ្ឌកម្ម» សម្រាប់អ្នកដែលធ្វើឱ្យខូចសន្តិសុខរបស់សាធារណរដ្ឋអ៊ីស្លាមប៉ុណ្ណោះ៕

រូបភាពពី​ Reuters