(ដាវ៉ូស)៖ នាយករដ្ឋមន្ត្រីកាតា បានប្រាប់កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស នៅថ្ងៃអង្គារ (១៦ មករា) នេះថា ការវាយប្រហារដោយយោធា នឹងមិនអាចរារាំងក្រុមឧទ្ទាម Houthi របស់យេម៉ែន មិនឲ្យធ្វើការវាយប្រហាររបស់លើផ្លូវដឹកជញ្ជូនពាណិជ្ជកម្មនៅសមុទ្រក្រហមនោះទេ ប៉ុន្តែការបញ្ចប់សង្គ្រាមនៅហ្គាហ្សា ទើបជាដំណោះស្រាយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

លោក Mohammed bin Abdulrahman Al-Thani បានពណ៌នាស្ថានភាពក្នុងតំបន់បច្ចុប្បន្នថាជា «រូបមន្តសម្រាប់ការកើនឡើងនៅគ្រប់ទីកន្លែង» ហើយបាននិយាយថា ប្រទេសកាតាមានទំនុកចិត្តថា ការលុបបំបាត់ជម្លោះនៅតំបន់ហ្គាហ្សានឹងទប់ស្កាត់មិនឲ្យមានការកើនឡើងនៅកន្លែងផ្សេង។

លោកបាននិយាយដូច្នេះថា «យើងត្រូវដោះស្រាយបញ្ហាស្នូលនៃតំបន់ហ្គាហ្សា ដើម្បីលុបបំបាត់អ្វីៗផ្សេងទៀត... ប្រសិនបើយើងផ្តោតតែលើរោគសញ្ញា ហើយមិនដោះស្រាយបញ្ហាពិតប្រាកដនោះ (ដំណោះស្រាយ) ដ៏ទៃទៀតគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ»

គួរបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា រវាងអ៊ីស្រាអែល និងក្រុមប៉ាឡេស្ទីនហាម៉ាស ជម្លោះបានរីករាលដាលដល់ផ្នែកផ្សេងទៀត នៃតំបន់មជ្ឈិមបូព៌ា ដោយក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារនៅក្នុងប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងយេម៉ែន។

ក្រុម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់របស់យេម៉ែន បាននិងកំពុងវាយលុកកប៉ាល់តាំងពីខែវិច្ឆិកា នៅសមុទ្រក្រហមដែលជាផ្នែកមួយនៃផ្លូវដឹកជញ្ជូនដែលមានប្រហែល ១២% នៃការដឹកជញ្ជូនពិភពលោក ដែលនៅក្នុងអ្វីដែលពួកគេនិយាយថា គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់សង្គ្រាមប៉ាឡេស្ទីនប្រឆាំងនឹងអ៊ីស្រាអែល។

កងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេសបានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាស និងសមុទ្ររាប់សិបដងប្រឆាំងនឹងគោលដៅរបស់ក្រុមឧទ្ទាម Houthi ក្នុងប្រទេសយេម៉ែន ចាប់តាំងពីថ្ងៃសុក្រ។

លោក Sheikh Mohammed បាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអង់គ្លេសបានបង្កើត «ហានិភ័យខ្ពស់នៃការកើនឡើង និងការពង្រីកជម្លោះបន្ថែមទៀត»

លោកសង្កត់ធ្ងន់ថា «យើងតែងតែចូលចិត្តដំណោះស្រាយការទូត លើដំណោះស្រាយយោធាណាមួយ...ប្រសិនបើគ្មានដំណោះស្រាយរដ្ឋពីរដែលមាននិរន្តរភាព និងឋិតថេរទនោះ សហគមន៍អន្តរជាតិនឹងមិនមានឆន្ទៈក្នុងការផ្តល់ហិរញ្ញប្បទាន ដល់ការកសាងឡើងវិញនូវតំបន់ហ្គាហ្សានោះទេ»

រូបភាពពី Reuters