(ហ្កាហ្សា)៖ ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) នាថ្ងៃអង្គារនេះ បាននិយាយថា មនុស្សបន្តកើនដល់យ៉ាងហោចចំនួន ២៤,២៨៥នាក់ហើយ បានបាត់បង់ជីវិតក្នុងសង្រ្គាមរវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និងអ៉ីស្រាអែល ដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលតំបន់ Gaza បានអះអាងថាទៀតថា មនុស្សសរុបចំនួន៦១,១៥៤នាក់ ក៏បានទទួលរងរបួសផងដែរ នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ អំលុងសង្រ្គាមរបស់អ៉ីស្រាអែល ដែលកំពុងបន្តអូសបន្លាយ អស់រយៈពេលលើស១០០ថ្ងៃហើយ។ យោងតាមប្រភពដដែល មានជនជាតិប៉ាឡេស្ទីនសរុប ១៥៨នាក់ស្លាប់ និង៣២០នាក់រងរបួស នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

គួរបញ្ជាក់ថា សង្រ្គាមនៅ Gaza បានចាប់ផ្តើមដំបូង នៅពេលដែលក្រុមហាម៉ាស បានបើកការឆ្មក់វាយលុកទ្រង់ទ្រាយធំ មិនធ្លាប់មានលើ​ភាគខាងត្បូងអ៉ីស្រាអែលមុន ជាហេតុបង្កឱ្យមានមនុស្សស្លាប់១,១៤០នាក់ ភាគច្រើនជាជនស៉ីវិល។ ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ក៏បានចាប់​មនុស្សប្រហែល២៥០នាក់ យកទៅតំបន់ Gaza នាពេលនោះ ដើម្បីធ្វើជាចំណាប់ខ្មាំងផងដែរ។ បើតាមអ៉ីស្រាអែល ចំណាប់ខ្មាំង១៣២នាក់ បន្តស្ថិតក្នុង Gaza នៅឡើយ រួមបញ្ចូលទាំងចំណាប់ខ្មាំង យ៉ាងហោច២៥នាក់ ដែលបានស្លាប់៕

រូបភាពពី AFP