(ប៉េកាំង)៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ នាវាដឹកជញ្ជូនខ្នាតធំមួយគ្រឿងដែលបើកចេញពីកំពង់ផែ Yan Tai ខេត្ត សានតុងប្រទេសចិនបានទាក់ទាញ ក្រសែចក្ខុរបស់ពិភពលោកទាំងមូល។ នាវានេះនឹងផ្ទុករថយន្តចំនួន៧ពាន់គ្រឿង នៅកំពង់ផែសិនជិន រួចធ្វើដំណើរឆ្ពោះទៅកាន់អ៊ឺរ៉ប់ ដើម្បីបំពេញតាមតម្រូវការ របស់ទីផ្សារក្នុងតំបន់។ ទីភ្នាក់ងារសារព័ត៌មានAPបានវាយតម្លៃថា ការកើនឡើងយ៉ាងខ្លាំងនៃបរិមាណនាំចេញ រថយន្តរបស់ប្រទេសចិន បានត្រួសត្រាយផ្លូវថ្មីសម្រាប់ឱ្យសហគ្រាសផលិតរថយន្តចិន ធ្វើអាជីវកម្មនៅបរទេស។

នាពេលបច្ចុប្បន្ននេះ រថយន្តរបស់ចិនបាននាំចេញទៅកាន់ប្រទេសនិងតំបន់ ចំនួនជាង២រយលើពិភពលោក ។ ទិន្នន័យដែលសមាគមឧស្សាហកម្មរថយន្តប្រទេសចិន ចេញផ្សាយនៅថ្ងៃទី១១ ខែមករាឱ្យដឹងថា នៅឆ្នាំ២០២៣ បរិមាណផលិតនិងលក់រថយន្តរបស់ចិន សុទ្ធតែបានលើសពី៣០លានគ្រឿងជាលើកដំបូង ដែលបានជាប់លំដាប់ថ្នាក់ទីមួយ នៅលើពិភពលោកក្នុងរយៈពេល១៥ឆ្នាំជាប់ៗគ្នា។

ប្រព័ន្ធសារព័ត៌មានជប៉ុនបានផ្សាយដំណឹងឱ្យដឹងថា ប្រការនេះមានន័យថា ចិនបានវ៉ាផ្ដាច់ជប៉ុន ក្លាយជាប្រទេសនាំចេញរថយន្តធំ ជាងគេនៅលើពិភពលោក។ រីឯប្រព័ន្ធសារព័ត៌មានបរទេសផ្សេងទៀត ដូចជាទីភ្នាក់ងារសារព័ត៌មានរ៉យទ័រជាដើម បានសម្គាល់ឃើញថា នេះជាជំហានដ៏សំខាន់មួយសម្រាប់ឱ្យប្រទេសចិន ប្រែក្លាយពី “ប្រទេសធំខាងរថយន្ត” ទៅជា “ប្រទេសខ្លាំងក្លាខាងរថយន្ត” ហើយវាក៏ជានិមិត្តសញ្ញា នៃបម្រែបម្រួលធំនិងសំខាន់ នៃរចនាសម័្ពន្ធឧស្សាហកម្មរថយន្តសកលផងដែរ។

ហេតុអ្វីបានជារថយន្តចិនបានទទួលប្រជាប្រិយភាពពីពិភពលោក? អ្នកជំនាញពាក់ព័ន្ធបានវិភាគថាទីមួយ គឺដោយមកពីប៉ុន្មានឆ្នាំកន្លងទៅនេះ មុខងារនិងគុណភាពរបស់រថយន្តចិន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ហើយទទួលបានការទទួលស្គាល់ពីអ្នកប្រើប្រាស់ នៅលើពិភពលោកទាំងមូលពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេស គឺរថយន្តម៉ាកសញ្ញារបស់ចិនបានក្តាប់ជាប់ កាលានុវត្តភាពរបស់រថយន្តថាមពលថ្មី តាមរយៈការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ដែលបានត្រួសត្រាយទីផ្សារបរទេសថែមមួយកម្រិតទៀត ក៏ដូចជាបានជំរុញដល់ការនាំចេញរថយន្តចិនផងដែរ។

ខណៈពេលបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីខែតុលាឆ្នាំ២០២៣ លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ារបស់អាមេរិក បានសាកល្បងបើកបររថយន្តថាមពលថ្មីរបស់ចិន ។ បន្ទាប់ពីបានដកបទពិសោធន៍ពីបច្ចេកវិទ្យាថ្មីៗ ដូចជា “បើកត្រឡប់ក្រោយនៅកន្លែងដដែល” ជាដើម លោក Newsom បានលើកមេដៃភ្លាម ដោយអះអាងថា “បច្ចេកវិទ្យានេះហួសពីការស្មានរបស់ខ្ញុំ ពួកយើងគួរតែរកមធ្យោបាយនាំចូលរថយន្តស៊េរីនេះទៅកាន់អាមេរិក”។

ក្រៅពីផលិតផលដែលមានគុណភាពល្អនិងតម្លៃថោក ការប្រកាន់ខ្ជាប់ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា និងពន្លឿនការធ្វើសកលភាវូបនីយកម្ម ក្នុងរយៈពេលយូរ ក៍ជា“វត្ថុទិព្វ”របស់សហគ្រាសចិនផងដែរ។ ទិន្នន័យថ្មីបំផុតរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញាជាតិចិន បានបង្ហាញឱ្យឃើញថា សហគ្រាសសំខាន់ៗដែលឈរនៅលំដាប់១០លេខខាងមុខ ក្នុងចំណោមសហគ្រាសផលិតរថយន្តថាមពលថ្មី របស់ចិន មានប៉ាតង់លើសពី១សែននៅលើពិភពលោក ព្រមទាំងមាននិន្នាការកើនឡើង យ៉ាងឆាប់រហ័សជារៀងរាល់ឆ្នាំ។

ក្រៅពីនេះ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងល្អពេញលេញ បានលើកកម្ពស់កម្លាំងប្រកួតប្រជែងរបស់រថយន្តចិន ។ លោក Cui Dongshu អគ្គលេខាធិការសមាគមព័ត៌មានទីផ្សាររថយន្ត ដឹកអ្នកដំណើរចិនបានវិភាគថា ដោយសាររងឥទ្ធិពលពីការថមថយចុះនៃសេដ្ឋកិច្ចសកល និងការប៉ះទង្គិចរវាងអ៊ុយក្រែន និងរុស្ស៊ីជាដើម សមត្ថភាពផ្គត់ផ្គង់របស់ពាណិជ្ជករផលិតរថយន្តនៅបរទេស បានធ្លាក់ចុះក្នុងកម្រិតមិនដូចគ្នា។ រីឯខ្សែសង្វាក់ឧស្សាហកម្មរថយន្តរបស់ចិន មានភាពល្អពេញលេញ សមត្ថភាពផលិតបានរៀបចំឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ ដូច្នេះបានជំរុញដល់ការនាំចេញ។

ការប៉ាន់ប្រមាណថ្មីបំផុតរបស់ធនាគារ UBS បានបង្ហាញថា តាមការប៉ាន់ប្រមាណ នៅឆ្នាំ២០២៤ ពាណិជ្ជករផលិតរថយន្តចិន នឹងលក់ចេញរថយន្ត ចំនួន៥លានគ្រឿងទៅកាន់បរទេស ក្នុងនោះ ភាគីច្រើនគឺបំពេញតាមតម្រូវការរបស់ ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសអាស៊ីអាគ្នេយ៍ជាដើម ។ ប្រការនេះនឹងពង្រឹងឋានៈរបស់ចិន ដែលជាប្រទេសនាំចេញរថយន្តធំជាងគេ នៅលើពិភពលោក ហើយក៏នឹងនាំមកនូវផលប្រយោជន៍ និងកាលានុវត្តភាពកាន់តែច្រើនដល់ បណ្តាប្រទេសនានាផងដែរ៕

អត្ថបទ ដោយវិទ្យុមិត្តភាពកម្ពុជាចិន