(ប៉េកាំង)៖ "កំណើនខាងការនាំចេញ គឺនឹកស្មានមិនដល់" "សមិទ្ធផលដែលទទួលបានក្នុងការនាំចូលលើសពីការប៉ាន់ប្រមាណ" ។ល។ បើមើលពីការផ្សាយដំណឹងអំពីពាណិជ្ជកម្មជាមួយបរទេសរបស់ចិន នៃប្រព័ន្ធសារព័ត៌មានបរទេសនាពេលថ្មីៗកន្លងទៅនេះ អាចឃើញថា "លើសពីការប៉ាន់ប្រមាណ"បានក្លាយជាពាក្យគន្លឹះ។ តាមទិន្នន័យដែលប្រកាសដោយអគ្គនាយកដ្ឋានគយចិនកាលពីថ្ងៃទី ១២ ខែមករាបានបញ្ជាក់ពីចំណុចនេះថា ទំហំនាំចេញនាំចូលសរុបរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ មានចំនួន ៤១,៧៦ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ០,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ហើយត្រូវបានរំពឹងថា នឹងរក្សាឋានៈជាប្រទេសធំបំផុតខាងពាណិជ្ជកម្មទំនិញ លើទូទាំងពិភពលោកក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នា ។ ពីមួយត្រីមាសទៅមួយត្រីមាស បានកើនឡើងជាបន្តបន្ទាប់ ហើយនៅត្រីមាសទី ៤ ពីមួយខែទៅមួយខែមានភាពកាន់តែល្អប្រសើរ ។ល។ ខ្សែកោងដែលកើនឡើងនេះបានឆ្លុះបញ្ចាំង ពីនិន្នាការនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន។

បើមើលពីការនាំចេញអាចឃើញថា តាមការប៉ាន់ប្រមាណរបស់អង្គការពាណិជ្ជកម្មពិភពលោកឱ្យដឹងថា កូតាទីផ្សារអន្តរជាតិ នៃការនាំចេញរបស់ចិនក្នុងឆ្នាំ ២០២៣ នៅតែស្ថិតក្នុងកម្រិតខ្ពស់បង្គួរ គឺប្រហែល១៤ ភាគរយ។ ប្រទេសចិនបានពង្រីកយ៉ាងពេញលេញ នូវឧត្តមភាពរបស់ប្រទេសធំបំផុតខាងផលិតកម្ម លើទូទាំងពិភពលោក។ នៅឆ្នាំ ២០២៣ ក្នុងទំហំនាំចេញសរុបរបស់ប្រទេសចិន ដែលមានចំនួន ២៣,៧៧ទ្រីលានយាន់ប្រាក់ចិន ផលិតផលនៃឧស្សាហកម្មកម្មន្តសាល ក៏បានឡើងដល់ ២៣,៥១ ទ្រីលានយាន់ប្រាក់ចិនផងដែរ។ ក្នុងនោះ ការនាំចេញខាងមុខរបរផលិតគ្រឿងបរិក្ខារបានកើនឡើង ២,៨ ភាគរយដែលមានសមាមាត្រត្រូវជាជិត ៦០ ភាគរយនៃទំហំនាំចេញសរុប។ ជាពិសេស គឺឧស្សាហកម្មនាវាចរណ៍និងរថយន្ត បានក្លាយជាឧស្សាហកម្មដែលទទួលបានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ដែលទទួលការយកចិត្តទុកដាក់ខ្ពស់ពីសហគមន៍អន្តរជាតិ។

ដូចអ្នកផងទាំងពួងបានជ្រាបស្រាប់ហើយថា មុខរបរផលិតគ្រឿងបរិក្ខារមានគ្រឿងបន្លាស់ជាច្រើន តម្លៃបន្ថែមខាងបច្ចេកទេសខ្ពស់ និងមានតម្រូវការខ្ពស់ចំពោះខ្សែសង្វាក់ឧស្សាហកម្ម និងសមត្ថភាពរួមបញ្ចូលគ្នា ។ អ្នកវិភាគបានលើកឡើងថា ប្រព័ន្ធឧស្សាហកម្មដ៏ល្អពេញលេញ និងសមត្ថភាពគួបផ្សំដ៏ខ្លាំងក្លារបស់ប្រទេសចិន មានអំណោយផលដល់ការបង្កបង្កើតជាបណ្តុំ ឧស្សាហកម្មនៅតំបន់នានានៃប្រទេសចិន។ ប្រការនេះមិនត្រឹមតែកាត់បន្ថយដើមទុន នៃសហគ្រាសប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់លក្ខខណ្ឌអនុគ្រោះដល់ ការលើកកម្ពស់លំដាប់ថ្នាក់នៃផលិតផលផងដែរ។ ប្រការទាំងនេះក៏ជាមូលហេតុដ៏សំខាន់មួយ ដែលបណ្តាលឱ្យឧស្សាហកម្មកម្មន្តសាលរបស់ប្រទេសចិន ទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។

ប្រទេសចិនបន្តពង្រីកការនាំចូល ដែលបាននិងកំពុងប្រែក្លាយជាកាលានុវត្តភាពកាន់តែច្រើនឡើងៗ សម្រាប់ឱ្យពិភពលោក ចែករំលែកជាមួយគ្នា។ ក្នុងមួយឆ្នាំកន្លងទៅ ពិព័រណ៍នាំចូលចិនអន្តរជាតិបានធ្វើជាសាក្សីនៃ"ការចូលរួមពិព័រណ៍ទាំង ៦ លើក"របស់មិត្តចាស់នៃពិព័រណ៍នាំចូលចិនអន្តរជាតិ ទ្រង់ទ្រាយនៃផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្មថ្មីបានបំបែកកំណត់ត្រាថ្មី ក្នុងប្រវត្តិសាស្រ្តនៃពិព័រណ៍នាំចូលចិនអន្តរជាតិ អត្រាអន្តរជាតូបនីយកម្មនៃសហគ្រាស ដែលចូលរួមក្នុងពិព័រណ៍ទំនិញនាំចេញនាំចូល នៃប្រទេសចិន (ពិព័រណ៍Canton) តាមអហ្វឡាញបានបំបែកកំណត់ត្រាខ្ពស់ថ្មី ស្តង់តាំងពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីមួយ នៅទូទាំងពិភពលោកគឺ ពិបាកទទួលបាន ។ល។ ពិព័រណ៌សំខាន់ៗមួយចំនួន ដែលរៀបចំធ្វើដោយប្រទេសចិនបានផ្តល់ឱកាសកាន់តែច្រើន សម្រាប់ឱ្យសហគ្រាសផលិតកម្មពិភពលោក ចូលក្នុងទីផ្សារប្រទេសចិន ហើយទីផ្សារធំរបស់ចិនកំពុងក្លាយជា ទីផ្សារធំរបស់ពិភពលោក ពីមួយថ្ងៃទៅមួយថ្ងៃ។

តើ "កម្លាំងរស់រវើកថ្មី" សម្រាប់លើកកម្ពស់ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន កើតចេញមកពីណា? នាថ្មីៗកន្លងទៅនេះ គ្រឹះស្ថានអន្តរជាតិជាច្រើនដូចជាអង្គការរូបិយវត្ថុអន្តរជាតិជាដើម បានប៉ាន់ប្រមាណថា អត្រារួមចំណែករបស់ប្រទេសចិនចំពោះ កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២៣ ប្រហែលនឹងឡើងដល់ ៣០ ភាគរយ ដែលនៅតែជាក្បាលម៉ាស៊ីនដ៏ធំបំផុត ក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោកដដែល។ សេដ្ឋកិច្ចចិនមាននិន្នាការល្អប្រសើរជាទូទៅ ដែលកំពុងរំញោចតម្រូវការ ខាងផលិតផលនាំចូល ជាបន្តបន្ទាប់ ក៏ដូចជាជំរុញការនាំចេញផលិតផលផងដែរ។

យោងតាមការស្ទង់ប្រជាមតិនៃរដ្ឋាភិបាលចិន ចំពោះសហគ្រាសនាំចេញនាំចូលសំខាន់ៗនាពេលថ្មីៗកន្លងទៅនេះ បានឱ្យដឹងថា តាមការប៉ាន់ប្រមាណ នៅឆ្នាំ២០២៣ ទំហំនាំចេញនាំចូលនៃសហគ្រាសចំនួនលើសពី ៣ ភាគ ៤ នឹងស្មើគ្នានឹងឆ្នាំ២០២២ឬមានការកើនឡើង។ នេះបានបង្ហាញឱ្យឃើញថា មនុស្សគ្រប់គ្នាសុទ្ធតែមានជំនឿចិត្ត ពោលគឺ ស្របពេលដែលសេដ្ឋកិច្ចចិនមាននិន្នាការល្អប្រសើរជាទូទៅជាបន្តបន្ទាប់ លក្ខខណ្ឌមានអំណោយផលសម្រាប់គាំទ្រ ការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេសរបស់ចិន នឹងកាន់តែច្រើនឡើងៗដែលនឹងនាំមកនូវដំណឹងល្អកាន់តែច្រើន ដល់ពាណិជ្ជកម្មសកលនិងសេដ្ឋកិច្ចពិភពលោក៕

អត្ថបទ ដោយវិទ្យុមិត្តភាពកម្ពុជាចិន