(ប៉េកាំង)៖ កាលពីថ្ងៃទី១៤ ខែមករា អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងអំពីសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការបោះឆ្នោតនៅក្នុងតំបន់តៃវ៉ាន់នៃប្រទេសចិន។

អ្នកនាំពាក្យបានលើកឡើងថា ការដែលក្រសួងការបរទេសសហរដ្ឋអាមេរិកចេញ សេចក្តីថ្លែងការណ៍ស្តីពីការបោះឆ្នោតនៅ ក្នុងតំបន់តៃវ៉ាន់នៃប្រទេសចិនបានរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរវាងចិន-អាមេរិក ហើយក៏បានល្មើសយ៉ាងធ្ងន់ធ្ងរលើ ការសន្យាខាងនយោបាយរបស់សហរដ្ឋអាមេរិក ដែលថារក្សាតែទំនាក់ទំនងវប្បធម៌ កិច្ចការពាណិជ្ជកម្ម និងទំនាក់ទំនងក្រៅផ្លូវការផ្សេងទៀតជាមួយតំបន់តៃវ៉ាន់តែប៉ុណ្ណោះ តែអាមេរិកបែរជាបញ្ជូនសញ្ញាខុសខ្លាំង ចំពោះពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ “ឯករាជ្យ” ប្រទេសចិនមានការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ហើយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះសហរដ្ឋអាមេរិក។

អ្នកនាំពាក្យរូបនេះបានថ្លែងថា ប្រទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិក គោរពយ៉ាងប្រាកដប្រជានូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរវាងចិននិងអាមេរិក ហើយអនុវត្តយ៉ាងប្រាកដប្រជានូវការសន្យា ដែលមេដឹកនាំសហរដ្ឋអាមេរិកបានរំលឹក ម្តងហើយម្តងទៀតថា មិនគាំទ្រពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ "ឯករាជ្យ" មិនគាំទ្រ"ប្រទេសចិនពីរ" ឬ "ចិនមួយ តៃវ៉ាន់មួយ" ក៏ដូចជាមិនស្វែងរកការប្រើប្រាស់បញ្ហាតៃវ៉ាន់ ជាឧបករណ៍ដើម្បីទប់ស្កាត់លើប្រទេសចិន បញ្ឈប់ការប្រាស្រ័យទាក់ទងជាផ្លូវការ រវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ ព្រមនិងបញ្ឈប់ការបញ្ជូនសញ្ញាខុសណាមួយ ចំពោះពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ “ឯករាជ្យ”៕

អត្ថបទ ដោយវិទ្យុមិត្តភាពកម្ពុជាចិន