(ប៉េកាំង)៖ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសចិន ដែលកំពុងបំពេញទស្សនកិច្ចនៅអេហ្ស៊ីប បានរួមជាមួយលោក Shoukry រដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីប ជួបជាមួយអ្នកសារព័ត៌មាននៅទីក្រុងគែរ បន្ទាប់ពីបញ្ចប់កិច្ចជំនួប។

មានអ្នកសារព័ត៌មានសួរអំពីទស្សនៈរបស់ចិន ចំពោះទំនាក់ទំនងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ និងស្ថានការណ៍តៃវ៉ាន់ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសមេដឹកនាំតំបន់តៃវ៉ាន់របស់ចិន លោក Wang Yi បានថ្លែងថា ការបោះឆ្នោតក្នុងតំបន់តៃវ៉ាន់គឺជា កិច្ចការក្នុងតំបន់មូលដ្ឋានរបស់ប្រទេសចិន។ មិនថាលទ្ធផលនៃការបោះឆ្នោតវាយ៉ាងណា ក៏មិនអាចផ្លាស់ប្តូរការពិតជាមូលដ្ឋាន ដែលនៅលើពិភពលោកមានចិនតែមួយនោះដែរ ពោលគឺតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន ហើយក៏មិនអាចផ្លាស់ប្តូរគំនិតឯកភាពជាទូទៅ របស់សហគមន៍អន្តរជាតិដែលប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយនោះដែរ។ .

លោក Wang Yi បានថ្លែងថា កាលពី ៨០ ឆ្នាំមុន នៅទីក្រុងគែរសព្វថ្ងៃនេះ ប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានចេញ «សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ» ដែលចែងយ៉ាងច្បាស់ថា "ប្រគល់កោះតៃវ៉ាន់ដែលជាទឹកដីរបស់ចិន ដែលត្រូវជប៉ុនលួចយកឱ្យប្រទេសចិនវិញ "។ បន្ទាប់មក មាត្រាទី ៨ នៃ «សេចក្តីប្រកាសក្រុងPostdam» ដែលចេញផ្សាយរួមគ្នាដោយប្រទេសចិន សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពសូវៀត ក្នុងឆ្នាំ ១៩៤៥ បានចែងថា«សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ» នឹងត្រូវអនុវត្តជាដាច់ខាត”។ ប្រទេសជប៉ុនបានទទួលយក «សេចក្តីប្រកាសក្រុង Postdam» ហើយបានប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌ។ ឯកសារទាំងនេះមានសុពលភាពតាមផ្លូវច្បាប់អន្តរជាតិ បានបង្កើតជាផ្នែកសំខាន់មួយ នៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម ហើយក៏បានបង្កើតជាមូលដ្ឋានគ្រឹះប្រវត្តិសាស្ត្រ និងច្បាប់ដែល កំណត់ថាតៃវ៉ាន់ជាទឹកដី ដែលមិនអាចកាត់ផ្តាច់បាន របស់ប្រទេសចិន៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន