(ម៉ានីល)៖ នៅថ្ងៃអង្គារនេះ ក្រសួងការបរទេសហ្វីលីពីនបានគូសបញ្ជាក់ឡើងវិញអំពី «គោលនយោបាយចិនតែមួយ» បន្ទាប់ពីលោកប្រធានាធិបតី Ferdinand Marcos Jr ផ្ញើសារអបអរសាទរដល់មេដឹកនាំថ្មីតៃវ៉ាន់ លោក Lai Ching-te ដែលទើបនឹងជាប់ឆ្នោត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤។
ក្រសួងការបរទេសហ្វីលីពីន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «សារនេះ សបញ្ជាក់អំពីការគិតរបស់ លោក Marcos ក្នុងការទទួលស្គាល់ផលប្រយោជន៍ទៅវិញទៅមក រវាងហ្វីលីពីន និងតៃវ៉ាន់ រួមទាំងកម្មករចំណាកស្រុកហ្វីលីពីន ចំនួន ២០០,០០០នាក់ នៅទីនោះ»។
សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា «ការអបអរសាទរជូនចំពោះមេដឹកនាំថ្មីតៃវ៉ាន់ ពីសំណាក់ លោក Marcos គឺវិធីសម្តែងការអរគុណសម្រាប់ ការទទួលយកកម្មករចំណាកស្រុកហ្វីលីពីនឲ្យធ្វើការ និងការប្រព្រឹត្តទៅដោយជោគជ័យ នៃដំណើរការប្រជាធិបតេយ្យ។ យ៉ាងនេះក្តី ហ្វីលីពីននៅតែគោរពគោលនយោបាយចិនតែមួយ»។
គួរបញ្ជាក់ថា ហ្វីលីពីន ដែលធ្លាប់សម្តែងក្តីបារម្ភជុំវិញភាពតានតឹងនៅឯច្រកសមុទ្រតៃវ៉ាន់ មានទំនាក់ទំនងជាមួយទីក្រុងតៃប៉ិ ដោយមានការិយាល័យសេដ្ឋកិច្ច និងវប្បធម៌ហ្វីលីពីនប្រចាំនៅតៃវ៉ាន់ បម្រើកិច្ចការជាស្ថានទូត៕
រូបភាពពី Reuters