(ហ្សឺណែវ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសរៃអង្គាសរកថវិកាចំនួន១.៥ពាន់លានដុល្លារ ដើម្បីយកប្រើប្រាស់ ក្នុងកិច្ចប្រឹងប្រែងជួយឆ្លើយតបចំពោះ តម្រូវការផ្នែកសុខាភិបាលរបស់មនុស្សរាប់លាននាក់ ដែលរងគ្រោះដោយសារវិបត្តិមនុស្សធម៌ជាច្រើន ដែលកំពុងកើតមានជុំវិញពិភពលោក គឺរាប់ចាប់តាំងពីអ៊ុយក្រែននិងហ្កាហ្សា រហូតដល់អាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានលើកឡើងថា «យើងនឹងដាក់គោលដៅនាំយក ជំនួយមនុស្សធម៌ដែលចាំបាច់ក្នុងការសង្រ្គោះជីវិត ទៅដល់មនុស្សឱ្យបានប្រហែល ៨៧លាននាក់ នៅក្នុងឆ្នាំនេះ។ ដើម្បីសម្រេចបាន យើងត្រូវការថវិកាគាំទ្រសរុប១.៥ពាន់លានដុល្លារ ហើយយើងត្រូវការឱ្យថវិកានេះ មកដល់ឆាប់ៗតាមតែអាចទៅរួច និងមានលក្ខណៈបត់បែនតាមធ្វើទៅបាន។ ពួកយើងត្រូវប្រើប្រាស់មធ្យោបាយដែលសកម្មខ្លាំងជាងមុន ទើបអាចគ្រប់គ្រាន់»។
បើតាមលោក Tedros មនុស្សប្រហែល១៦៦លាននាក់ នឹងត្រូវការជំនួយផ្នែកសុខាភិបាល នៅជុំវិញពិភពលោកក្នុងឆ្នាំនេះ ដែលរួមមានទាំងប្រជាជននៅដែនដីប៉ាឡេស្ទីន អ៊ុយក្រែន ហៃទី និងស៊ូដង់។ តម្រូវការសុខាភិបាលចាំបាច់បន្ទាន់ជាងគេ នាពេលនេះគឺដែនដីប៉ាឡេស្ទីន ជាពិសេសតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ជាទីដែលអ៉ីស្រាអែល កំពុងបន្តធ្វើសង្រ្គាមយ៉ាងខ្លាំងក្លាប្រឆាំងក្រុមហាម៉ាស ចាប់តាំងតែពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក។
គួរបញ្ជាក់ថា WHO ត្រូវការថវិកា២១៩លានដុល្លារ ដើម្បីបំពេញតម្រូវការចាំបាច់បន្ទាន់ខ្លាំងនៅ Gaza សម្រាប់រយៈពេលចន្លោះពី៣ខែ ដល់៦ខែ ដោយអាស្រ័យទៅលើ ការវិវឌ្ឍនៃស្ថានការណ៍។ ចំណែកឯ ភាពអាសន្នផ្នែកសុខាភិបាលជាសកល២ទៀត ដែលត្រូវការថវិកាច្រើនខ្លាំងដែរនោះ គឺកូវីដ១៩ និងស្ថានការណ៍នៅអាហ្វហ្កានីស្ថាន ជាទីដែលមនុស្ស២៣.៧លាននាក់ ត្រូវការជាបន្ទាន់នូវទឹកស្អាត និងអនាម័យ។ ជាមួយគ្នានេះ ការលេចឡើងជាថ្មីនៃជំងឺអាសន្នរោគនៅជុំវិញពិភពលោក ដែលបង្កក្តីកង្វល់ជាពិសេស ក៏ត្រូវការថវិកាចំនួនជិត៥០លានដុល្លារផងដែរ ខណៈការឆ្លើយតបផ្នែកសុខាភិបាលរបស់ WHO សម្រាប់អ៊ុយក្រែន ត្រូវការ៧៧លានដុល្លារ៕
រូបភាពពី Reuters