(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណ បានប្រកាសថា រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានចេញពីមន្ទីរពេទ្យវិញហើយ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រោយចូលសម្រាកព្យាបាលអស់ពីរសប្តាហ៍ ដោយសារតែមានបញ្ហាទាក់ទងនឹងជំងឺមហារីកក្រពេញប្រូស្តាត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤។
ក្រោយចេញពីមន្ទីពេទ្យ លោក Austin បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed សម្រាប់ការមើលថែទាំដ៏ល្អឥតខ្ចោះចំពោះរូបលោក។ ក្រុមគ្រូពេទ្យនៃ Walter Reed បានឲ្យដឹងថា លោក Austin បានទទួលការធ្វើតេស្ត និងការថែទាំដោយមិនវះកាត់ ឲ្យជាសះស្បើយដែលរួមទាំងការឈឺជើង ហើយមិនត្រូវការការព្យាបាលជំងឺមហារីកបន្ថែមទៀតនោះទេ។
ចំណែកក្រុមគ្រូពេទ្យផ្ទាល់ខ្លួនរបស់ លោក Austin បានបញ្ជាក់យ៉ាងដូច្នេះថា «ជំងឺមហារីកក្រពេញប្រូស្តាតរបស់ លោករដ្ឋមន្រ្តី Austin ត្រូវបានព្យាបាលទាន់ពេល និងមានប្រសិទ្ធភាព ហើយស្ថានភាពរបស់គាត់គឺល្អណាស់។ លោកមិនត្រូវព្យាបាលជំងឺមហារីកទៀតទេ ក្រៅតែពីការតាមដានក្រោយវះកាត់ក្រពេញប្រូស្តាត ជាប្រចាំនោះ»។
គួរបញ្ជាក់ថា បើតាមការបញ្ជាក់របស់មន្ទីរបញ្ចកោណ លោក Austin នឹងធ្វើការពីចម្ងាយ តាមរយៈប្រព័ន្ធទំនាក់ទំនងដ៏មានសុវត្ថិភាព មុនពេលត្រលប់មកកាន់ការិយាល័យវិញ៕
រូបភាពពី Reuters