(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ដោយបានជជែកអំពីវិបត្តិសង្រ្គាមអ៊ុយក្រែន ព្រមទាំងជូនពរគ្នាទៅវិញទៅមកឱ្យទទួលលទ្ធផលល្អ ក្នុងការបោះឆ្នោតនៅក្នុងប្រទេសរៀងៗខ្លួន ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤។

វិមានក្រឹមឡាំងបានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា មេដឹកនាំទាំងពីរបានបង្ហាញពីចំណាប់អារម្មណ៍ ចង់បន្តពង្រឹងចំណងទាក់ទងទ្វេភាគី ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនេះ ឱ្យកាន់តែជិតស្និទ្ធនិងរឹងមាំខ្លាំងថែមទៀត ហើយក៏បានពិភាក្សាអំពីស្ថានការណ៍នៅអ៊ុយក្រែន ផងដែរ។ មិនតែប៉ុណ្ណោះ លោក ពូទីន និងលោក Modi បានឆ្លៀតឱកាសជូនពរគ្នាទៅវិញទៅមកឱ្យទទួលជោគជ័យ ក្នុងការបោះឆ្នោត​ជ្រើសរើសតំណាងរាស្រ្តនៅប្រទេសឥណ្ឌា និងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីនៅរុស្ស៉ី នឹងប្រព្រឹត្តទៅនាខែមីនា ខណៈការបោះឆ្នោតតំណាងរាស្រ្តនៅឥណ្ឌា នឹងប្រព្រឹត្តទៅនាចន្លោះខែមេសានិងឧសភា។ ឥណ្ឌាបានរក្សាចំណងទាក់ទងមិត្តភាព ជាយូរមកហើយរបស់ខ្លួនជាមួយទីក្រុងមូស្គូ បើទោះបីជារុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ក៏ដោយ ហើយទន្ទឹមគ្នាទីក្រុងញូវដែលី ក៏នៅបន្តជិតស្និទ្ធជាមួយក្រុមប្រទេសលោកខាងលិច រួមមានទាំងសហរដ្ឋអាមេរិកផងដែរ៕

រូបភាពពី Reuters