(តៃប៉ិ)៖ គណបក្សប្រជាធិបតេយ្យរីកចំរើន DPP បានបន្តជាប់ឆ្នោតដើម្បីកាន់អំណាច៤ឆ្នាំរបស់ខ្លួនជា បន្ថែមទៀតនៅកោះតៃវ៉ាន់។ តើសាធារណរដ្ឋប្រជាមានិតចិន នឹងមានប្រតិកម្មយ៉ាងណាចំពោះរឿងនេះ? ហើយតើការបន្តកាន់អំណាចរបស់គណបក្ស DPP ដែលមានទំនោរនយោ បាយទៅកាន់សហរដ្ឋអាមេរិកនេះ នឹងមានន័យយ៉ាងណា សម្រាប់នយោបាយនៅលើ កោះដែលចិនចាត់ទុកជាផ្នែកមួយ នៃទឹកដីរបស់ខ្លួននេះ?

ក្រុមអ្នកវិភាគជឿថា ប្រទេសចិនទំនងជានឹងបន្តរក្សាការដាក់សម្ពាធផ្នែកយោធានិងសេដ្ឋកិច្ច ទៅលើកោះតៃវ៉ាន់ជាដដែលនៅពេលដែល ប្រធានាធិបតីថ្មីលោក Lai Ching-te នឹងចូលកាន់កាប់តំណែង បន្តពីលោកស្រី Tsai Ing-wen ប៉ុន្តែភាពតានតឹងទាំងនេះ ទំនងនឹងមិនប្រែទៅជា "ការឈ្លានពានទាំងស្រុង" ដាក់ទៅលើកោះតៃវ៉ាន់នោះទេ។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីកោះតៃវ៉ាន់ កាលពីថ្ងៃទី១៣ មករា ឆ្នាំ២០២៤ បានប្រកាសលទ្ធផលឱ្យដឹងថា លោក Lai Ching-te ដែលមានអាយុ៦៤ឆ្នាំ បានឈ្នះ៤០.០៥ ភាគរយដែលនាំមុខ គូប្រជែងគណបក្ស Kuomintang គឺលោក Hou Yu-ih ដែលទទួលបាន ៣៣.៤៩ ភាគរយ។ ចំណែកលោកវេជ្ជបណ្ឌិត Ko Wen-je នៃគណបក្សប្រជាជនតៃវ៉ាន់ ដែលជាគណបក្សទី៣ ទទួលបានលទ្ធផល២៦.៤៦ ភាគរយ។

បើទោះបីជាលទ្ធផលបង្ហាញនេះ បញ្ជាក់ពីជ័យជំនះជាប្រវត្តិសាស្ត្រ លើកទីបីជាបន្តបន្ទាប់នៃការកាន់អំណាច របស់គណបក្សប្រជាធិបតេយ្យរីកចំរើន DPPក៏ពិតមែន ប៉ុន្តែវាជាការបង្ហាញនូវលទ្ធផល ដែលឈ្នះទាបបំផុតជាលើកទីពីររបស់គណបក្សនេះ នៅក្នុងការបោះឆ្នោតប្រធានាធិបតី ចាប់តាំងពីតៃវ៉ាន់បានចាប់ផ្តើម ការបោះឆ្នោតប្រធានាធិបតី ដោយផ្ទាល់ក្នុងឆ្នាំ១៩៩៦ នោះមក។ ក្នុងលទ្ធផលដដែលនេះទៀត ចំនួនអាសនៈនៅក្នុងរដ្ឋសភា គឺគ្មានគណបក្សណា មួយដែលមានសម្លេងអាសនៈគ្រប់គ្រាន់ ដើម្បីការគ្រប់គ្រងសម្លេងមតិភាគច្រើននោះឡើយ។ ដូច្នេះ គួបផ្សំនឹងការបាត់បង់សម្លេង សមាជិកសភា ភាគច្រើនរបស់ខ្លួនក្នុងរដ្ឋសភា គណបក្ស DPP នឹងត្រូវស្វែងរកមធ្យោបាយនានា ដើម្បីពង្រឹងមូលដ្ឋានគាំទ្ររបស់ខ្លួន។ ហើយភាគីផ្សេង ទៀតនៅក្នុងរដ្ឋសភាក៏នឹងត្រូវអនុវត្តដូចគ្នា។

* តើមានការរំពឹងថាសាធារណរដ្ឋប្រជាមានិតចិន នឹងអាចធ្វើអ្វីខ្លះចំពោះកោះតៃវ៉ាន់?

អ្នកជំនាញផ្នែកសន្តិសុខ និងនយោបាយនឹងមិនរំពឹងថារដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្តកិច្ចសន្ទនាជាផ្លូវការជាមួយតៃវ៉ាន់ ក្រោមការដឹកនាំរបស់លោក Lai Ching-te នោះទេ។ ទំនាក់ទំនងជាផ្លូវការត្រូវបានបញ្ឈប់នៅឆ្នាំ២០១៦ បន្ទាប់ពីលោកស្រី Tsai Ing-wen របស់គណបក្ស DPP បានឈ្នះតំណែងជាប្រធានាធិបតីតៃវ៉ាន់ នោះមក។

ក្រុមអ្នកវិភាគនយោបាយនៅតែរំពឹង ការគិតរបស់ពួកគេថា ប្រទេសចិននឹងបន្ត “វិធីសាស្រ្ត បង្ខិតបង្ខំ” របស់ខ្លួនជាដដែលដាក់មកលើ កោះតៃវ៉ាន់ ដែលចិនតែងចាត់ទុកថាកោះនេះគឺជា ផ្នែកមួយបន្សល់ពីដូនតាជាទឹកដីរបស់ចិន។ មេដឹកនាំចិនដីគោក ធ្លាប់បាននិយាយរួចមក ហើយថាបើសិនជាចាំបាច់គឺគេ នឹងប្រើវិធីហិង្សាដោយបង្ខំ ដើម្បីការបង្រួបបង្រួមជាតិ។ រីឯវិធីសាស្ត្របង្ខំផ្សេងទៀត គឺនឹងមានរាប់បញ្ចូលទាំងទណ្ឌកម្មសេដ្ឋកិច្ចផងទៀត។

បណ្ឌិត Arthur Ding នៃកលវិទ្យាល័យ National Chengchi University របស់ក្រុងតៃប៉ិ បាននិយាយរំពឹង ជុំវិញការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ក៏ដូចជាការធ្វើសកម្មភាព ជាញឹកញាប់របស់កង កម្លាំងរំដោះប្រជាជនចិនចូលទៅក្នុង តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ តៃវ៉ាន់ ADIZ ជាដើម។ បើយោងតាមសម្ព័ន្ធតស៊ូមតិការពារមីស៊ីល ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា ក្នុងរង្វង់ឆ្នាំ២០២៣កន្លងមកនេះ មានអំពើលុកលុយរបស់ចិនដីគោកជាង ១ពាន់ ៦០០ដងដាក់មកលើកោះតៃវ៉ាន់។

ក្រុមអ្នកវិភាគនយោបាយបានរំលឹកដល់សម្តី របស់អ្នកនាំពាក្យការិយាល័យរបស់ប្រទេសចិន ដែលទទួលបន្ទុកកោះតៃវ៉ាន់ឈ្មោះ Chen Binhua ដែលបញ្ជាក់មួយថ្ងៃ នៅក្រោយលទ្ធផល ការបោះឆ្នោតនោះថា «គណបក្សDPP នោះមិនតំណាងឱ្យមតិសាធារណៈទូទៅរបស់ តៃវ៉ាន់ឡើយ ហើយការបោះឆ្នោតនោះ មិនអាចផ្លាស់ប្តូរនូវអ្វីដែលជា "គំរូមូលដ្ឋានតាំងពីដើមរៀងមក និងក៏មិនផ្លាស់ប្តូរទិសដៅអភិវឌ្ឍន៍ នៃទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រ" នោះដែរ។

ក្រោយសម្តីរបស់មន្ត្រីការិយាល័យចិនដីគោកនោះរួចមក, ក្រសួងការបរទេសតៃវ៉ាន់បាន ចេញនូវសេចក្តីថ្លែងការណ៍មួយ ដល់រដ្ឋាភិបាលក្រុងប៉េកាំង ត្រូវគោរពនូវលទ្ធផលបោះឆ្នោត តៃវ៉ាន់, ត្រូវប្រឈមនឹងការពិតនិងត្រូវបោះបង់ចោល អំពើគាបសង្កត់ប្រឆាំងនឹងកោះតៃវ៉ាន់។ ក្រសួងការបរទេសចិនតៃវ៉ាន់ បាននិយាយទៀតថា មានតែធ្វើយ៉ាងដូច្នោះទេ ទើបទំនាក់ទំនង ទៅវិញទៅមកឆ្លងកាត់សមុទ្ទរវាងតៃវ៉ាន់ និងចិនដីគោកអាចវិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវដ៏ លឿនដែលអាចធ្វើទៅបាន។

សាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយបណ្ឌិត Huang Chin-Hao នៃសាកលវិទ្យាល័យ ជាតិសិង្ហបុរី NUS បានប្រាប់ CNA ថា "ប្រទេសចិនទំនងជានឹងបន្ត គោលនយោបាយមាន ស្រាប់របស់ខ្លួនក្នុងការដាក់សម្ពាធលើ តៃវ៉ាន់ទាំងផ្នែកយោធា និងសេដ្ឋកិច្ចដើម្បីឱ្យបោះបង់ចោល នូវសកម្មភាពឯករាជ្យភាពរបស់ខ្លួន"

បណ្ឌិត Huang បាននិយាយបន្តថា "គេអាចនឹងរង់ចាំមើលសមាសភាព ក្រុមគណៈរដ្ឋមន្ត្រី របស់លោក Lai Ching-te, គេនៅរង់ចាំមើលពីរបៀបរបបនយោបាយផ្នែកនីតិប្បញ្ញត្តិ និងសម្ព័ន្ធភាពផ្លាស់ប្តូរ និងរង់ចាំមើលខ្លឹមសារសុន្ទរកថារបស់លោក Lai Ching-te ចង់ដឹងថាតើ នយោបាយដឹកនាំថ្មីរបស់លោក នឹងត្រូវធ្វើអ្វីខ្លះដើម្បីការធានាកោះតៃវ៉ាន់ ទាំងមូលនោះសិន។ បើយោងតាមបណ្ឌិត Arthur Ding នៃកលវិទ្យាល័យ National Chengchi University លោក បានថ្លែងថាលទ្ធភាពនៃ «ការវាយលុកលុយគ្រប់ទិស» របស់ចិនដីគោកចំពោះចិនតៃវ៉ាន់នៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀតនេះ មានលក្ខណៈទាបណាស់។

ប៉ុន្តែបើតាមបណ្ឌិត Lai I-chung ប្រធានមូលនិធិ The Prospect Foundation បាននិយាយថា មានកាលបរិច្ឆេទមួយចំនួន ដែលគេនឹងត្រូវរង់ចាំមើលក្នុងប៉ុន្មានខែ ខាងមុខនេះទៀត។ ក្នុងចំណោមកាលបរិច្ឆេទទាំងនោះ គឺរួមមានកាលបរិច្ឆេទមួយ ដែលនឹងធ្វើនាដើមខែមីនា ដែលប្រទេសចិន នឹងធ្វើសម័យប្រជុំ២ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត លើប្រតិទិននយោបាយរបស់ចិន។ លោកថាកិច្ចប្រជុំប្រចាំឆ្នាំ នៃស្ថាប័ននីតិប្បញ្ញត្តិកំពូលនិងកិច្ចប្រជុំស្ថាប័ន ប្រឹក្សានយោបាយ អាចផ្តល់នូវតម្រុយនៃយុទ្ធសាស្ត្រ របស់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះចិន តៃវ៉ាន់នោះបាន។

កាលបរិច្ឆេទ្ធផ្សេងទៀត គឺនៅថ្ងៃទី២០ ឧសភា ឆ្នាំ២០២៤ ដែលលោក Lai Ching-te និងលោក ស្រី Hsiao Bi-khim ដែលនឹងត្រូវគេរៀបចំពិធីសម្ពោធយ៉ាងឳឡារឹក ដើម្បីក្លាយជាប្រធានាធិបតី និងអនុប្រធានាធិបតីស្របច្បាប់របស់កោះតៃវ៉ាន់ ដែលពេលនេះគេនឹងអាចឃើញ ការធ្វើដំណើរជាលើកដំបូងរបស់លោក ទៅកាន់ប្រទេសណាមួយ។ គេមិនទាន់ដឹងថាតើប្រធា នាធិបតីថ្មីតៃវ៉ាន់នោះ នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសណាមួយ ជាលើកដំបូងនោះទេ ពីព្រោះដំណើរនោះគឺជាដំណើរ ដែលមានសារៈសំខាន់ ដែលបង្ហាញនូវចំណងទំនាក់ទំនង ដោយផ្ទាល់ខ្លួនរបស់លោកជាមួយ បណ្តាមិត្តភក្តិនៅសហរដ្ឋអាមេរិក។

កាលបរិច្ឆេទមួយផ្សេងទៀត គឺកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅប្រទេសប៉េរូក្នុងខែវិច្ឆិកា ដែលគេនឹងត្រូវមើលផងដែរ ថាតើនរណា នឹងតំណាងឱ្យលោក Lai Ching-te ក្នុងការចូលរួម។ តៃវ៉ាន់កន្លងមកបានតែងតាំងស្ថាបនិក ក្រុមហ៊ុនតៃវ៉ាន់ Semiconductor Manufacturing Company (TSMC) គឺលោក Morris Chang ជាបេសកជន ពិសេសរបស់ខ្លួន សម្រាប់កិច្ចប្រជុំកំពូល ចំនួនប្រាំដងរួចមកហើយ ប៉ុន្តែលោក Morris Chang បានស្ថិតក្នុងវ័យ៩០ឆ្នាំ របស់លោកហើយ។

មានអ្នកវិភាគខ្លះបានគិតថា លោកស្រី សៃ អ៊ឹងវិន ដែលនឹងត្រូវចុះចេញពីតំណែងក្នុងពេល នោះនឹងអាចត្រូវបានគេតែងតាំង ធ្វើកិច្ចការជំនួសប៉ុន្តែក៏មានសំណួរមួយវិញថា តើលោកស្រី សៃអ៊ឹងវិននោះ នឹងអាចចូលរួមបានដែរឬទេ ព្រោះប្រទេសប៉េរូ ត្រូវបានគេដឹងថាជាប្រទេស មានទំនាក់ទំនងល្អជាមួយនឹងប្រទេសចិនណាស់។

* ការព្យាករណ៍ភាពអាចជួបរអាក់រអួលក្នុងអនាគតរដ្ឋសភាកោះតៃវ៉ាន់

ខណៈដែលគណបក្ស DPP បាត់បង់សំឡេងភាគច្រើនក្នុងសភា លោក Lai Ching-te បានថ្លែងប្តេជ្ញានៅក្នុងសុន្ទរកថាជ័យជំនះ របស់លោកមុននេះថាលោក នឹងបង្កើតឱ្យមានបរិយាកាសនៃកិច្ចសហប្រតិបត្តិការ និងការពិគ្រោះយោបល់ ជាមួយនឹងគូប្រកួតប្រជែងនេះ គណបក្សនយោបាយបោះឆ្នោត។ ខណៈដែលគ្មានសម្លេងគណបក្សណាមួយ អាចក្លាយជាសម្លេងនៃមតិភាគច្រើន ផ្តាច់គេក្នុងអាសនៈចំនួន១១៣ ក្នុងរដ្ឋសភាតៃវ៉ាន់នោះ គឺគណបក្សគួមីនតាង ពេលនេះមានសម្លេង៥២នៃអាសនៈ, គណបក្ស DPP ដែលត្រូវបន្តកាន់អំណាចមាន៥១ អាសនៈនិងគណបក្សប្រជាជនតៃវ៉ាន់ TPP មាន ៨អាសនៈ។ ចំណែកពីរអាសនៈ ដែលនៅ សល់ ត្រូវបានឈ្នះដោយបេក្ខជនឯករាជ្យ។

បណ្ឌិត Huang នៃសាកលវិទ្យាល័យជាតិសិង្ហបុរី NUS បានថ្លែងថាដើម្បីបង្កើតការយល់ស្រប ឱ្យមានភាពទូលំទូលាយលើទិសដៅ នាពេលអនាគតនៃរបៀបវារៈ ក្នុងស្រុករបស់តៃវ៉ាន់ ក៏ដូចជាគោលនយោបាយឆ្លងកាត់ច្រកសមុទ្រ គឺគេត្រូវជៀសវាងការជាប់គាំងនយោបាយក្នុងរដ្ឋសភា។

សាស្ត្រាចារ្យរូបនេះ បានថ្លែងថាគណបក្ស DPP នឹងត្រូវធ្វើការជាមួយគណបក្សផ្សេងទៀត ហើយ “ទំនងជាចាប់ផ្តើមជាមួយ គណបក្សរបស់លោក Ko Wen-je នៃគណបក្សប្រជាជនតៃវ៉ាន់។ បើសិនជាសម្លេងគណបក្ស DPP និងគណបក្ស TPP រួមបញ្ចូលគ្នានឹងអាចបង្កើត សម្លេងជាមួយគ្នាបាន៥៩សម្លេង ដែលជួយបង្កើតសម្លេងមតិភាគច្រើនក្នុងការអនុម័តលើ សំណើនានាបានបើទោះបីជា មានសម្លេងប្រឆាំងពីគណបក្សគួមីងតាងទាំង៥២សម្លេងនោះ ក៏ដោយ។ សម្លេងនេះនឹងជួយដល់គណបក្ស DPP ក្នុងការជួយរកការឯកភាពក្នុងវិស័យ សេដ្ឋកិច្ច, ការពារជាតិនិងសន្តិសុខ ប្រសិនណាបើគណបក្ស DPP ចង់បន្តវិនិយោគរបស់លើ សមត្ថភាពតៃវ៉ាន់លើកិច្ចការពារនិងរារាំងឧបសគ្គនានា… ហើយបើគ្មានសម្លេងគាំទ្រភាគច្រើន នៅក្នុងរដ្ឋសភានោះទេ គណបក្ស DPP ដែលកាន់អំណាចនឹងត្រូវលំបាក ក្នុងការស្វែងរកសេចក្តីសម្រេចអនុម័តក្នុងរដ្ឋសភា ដើម្បីសម្រេចមហិច្ឆិតារបស់ខ្លួនជាមិនខានឡើយ។

នាពេលនេះ ឧបសគ្គដ៏ធំមួយចំពោះមុខរបស់គណបក្ស DPP ដែលកាន់អំណាចគឺការរក សម្លេងភាគច្រើនដាច់ខាតនៅក្នុងរដ្ឋសភា ហើយប្រសិនបើគ្មានសម្លេងគាំទ្រនោះទេ ដំណើរការទៅមុខរបស់រដ្ឋាភិបាលថ្មីតៃវ៉ាន់ នឹងត្រូវគេរំពឹងថា នឹងអាចជួបភាពរកាំរកូសខ្លះជាមិន ខានឡើយ។ ប៉ុន្តែនៅជាមួយគ្នានេះ ក្រោយមានការបង្ហាញលទ្ធផល នៃការបោះឆ្នោតនោះ មក លោក Ko Wen-je នៃគណបក្សប្រជាជន តៃវ៉ាន់ បានថ្លែងថាលោកនឹងមិនធ្វើដៃគូចម្រុះ ណាមួយឡើយ។ លោកថ្លែងថា «យើងនឹងគាំទ្រអ្នកណា ដែលសមហេតុសមផល»

រូបភាពពី Reuters