(ម៉ានីល)៖ មេទ័ពកំពូលរបស់ហ្វីលីពីន លោក Romeo Brawner បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទសប្តាហ៍នេះថា ហ្វីលីពីននឹងធ្វើការអភិវឌ្ឍនៅលើកោះ ក្នុងសមុទ្រចិនខាងត្បូង ដែលត្រូវបានចាត់ទុកជាផ្នែកមួយនៃទឹកដីរបស់ខ្លួន សម្រាប់ជាជម្រករបស់កងទ័ព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤។

ក្រៅពីតំបន់ថ្មប៉ប្រេះទឹក Second Thomas Shoal ហ្វីលីពីនបានកាន់កាប់ចំណុចសំខាន់ៗចំនួន ៨ផ្សេងទៀតនៅសមុទ្រចិនខាងត្បូង ហើយចាត់ទុកវាជាផ្នែកមួយនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ ចំណុចសំខាន់ៗទាំងនោះ រួមមានទាំងកោះ Thitu ដែលធំជាងគេ និងមានលក្ខណៈយុទ្ធសាស្រ្ត នៅក្នុងសមុទ្រចិនខាងត្បូង ស្ថិតនៅចម្ងាយប្រហែល ៤៨០គីឡូម៉ែត្រពីខេត្ត Palawan របស់ហ្វីលីពីន។

លោក Brawner បានបញ្ជាក់ក្រោយចូលរួមសន្និសីទនៅទីបញ្ជាការកណ្តាលយោធា ក្រោមវត្តមានរបស់ លោក Ferdinand Marcos Jr ប្រធាធិបតីហ្វីលីពីន យ៉ាងដូច្នេះថា «យើងចង់កែលម្អចំណុចទាំង ៩ ជាពិសេសកោះដែលយើងកំពុងកាន់កាប់»។ បើតាមលោក Brawner យោធាចង់នាំយកម៉ាស៊ីនចម្រោះទឹក ទៅឲ្យកងទ័ពដែលកំពុងឈរជើងនៅលើខ្មោចនាវាចម្បាំង ដែលហ្វីលីពីនមានចេតនាសំចតជាមូលដ្ឋាននៅតំបន់ Second Thomas Shoal ក្នុងឆ្នាំ ១៩៩៩ សំដៅអះអាងពីអធិបតេយ្យភាពរបស់ខ្លួន។

គួរបញ្ជាក់ថា ផែនការនេះត្រូវបានដាក់ចេញ ចំពេលមានភាពតានតឹងកាន់តែខ្លាំងរវាងហ្វីលីពីន និងចិន ដែលទាមទារចំណែកទឹកដីរៀងៗខ្លួន នៅតំបន់សមុទ្រចិនខាងត្បូង ហើយបានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញសកម្មភាពបង្កវិវាទនៅលើផ្លូវទឹកដ៏សំខាន់មួយនេះ៕

រូបភាពពី Reuters