(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំ លោក គីម ជុងអ៊ុន បានអំពាវនាវកាលពីថ្ងៃចន្ទសប្តាហ៍នេះ ឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីផ្លាស់ប្តូរស្ថានភាពរបស់កូរ៉េខាងត្បូង ទៅជាប្រទេសដាច់ដោយឡែកមួយ ព្រមជាមួយនិងការព្រមានថា ខណៈដែលកូរ៉េខាងជើងមិនស្វែងរកសង្រ្គាម តែក៏មិនមានចេតនាដើម្បីចៀសវាងនោះដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤។

លោក គីម បាននិយាយថា វាជាការសន្និដ្ឋានចុងក្រោយរបស់លោក ដែលថាការបង្រួបបង្រួមជាមួយកូរ៉េខាងខាងត្បូង គឺមិនអាចមានទៀតទេនៅក្នុងសុន្ទរកថាទៅកាន់សភាប្រជាជន ដោយសារតែទីក្រុងសេអ៊ូលខ្លួនឯងធ្វើឲ្យលទ្ធភាពនៃការបង្រួបបង្រួមដួលរលំ។ KCNA បានដកស្រង់សម្តីរបស់ លោក គីម ដែលគូសបញ្ជាក់ថា «យើងមិនចង់បានសង្រ្គាមនោះទេ ប៉ុន្តែយើងក៏មិនមានចេតនាចង់ចៀសវាងនោះដែរ»។ KCNA បានរាយការណ៍បន្ថែមថា អង្គការចំនួន ៣ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងកិច្ចការបង្រួបបង្រួម និងទេសចរណ៍អន្តរកូរ៉េ នឹងត្រូវបិទ។

គួរបញ្ជាក់ថា ចំណាត់ការនេះ កើតមានឡើងនៅពេលដែលភាពតានតឹងក្នុងឧបទ្វីបកូរ៉េកាន់តែធ្ងន់ធ្ងរទៅ នារយៈពេលចុងក្រោយនេះ ចំពោះមុខការសាកល្បងមីស៉ីលជាបន្តបន្ទាប់ និងការព្យាយាមរបស់ទីក្រុងព្យុងយ៉ាង ដើម្បីបំបែកគោលនយោបាយរយៈពេលជាច្រើនទសវត្សរ៍ រួមទាំងការផ្លាស់ប្តូរនានាដែលពាក់ព័ន្ធនឹងកូរ៉េខាងត្បូង៕

រូបភាពពី AFP