(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះថា ឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានប្រកាសពីការវាយប្រហារ ទៅលើទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់អ៉ីស្រាអែល ដែលមានទីតាំងនៅក្នុងតំបន់ពាក់កណ្តាលស្វយ័ត Kurdistan នៃប្រទេសអ៉ីរ៉ាក់ ខណៈដែលកងកម្លាំងជំនាញពិសេស ក៏បានអះអាងពីការវាយប្រហារនៅស៉ីរី ប្រឆាំងនឹងក្រុម ISIS ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤។

ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់អ៉ីស្រាអែលនាពេលថ្មីៗនេះ ដែលបណ្តាលឲ្យមានការសម្លាប់ក្រុមមេបញ្ជាការឆ្មាំបដិវត្តន៍ ក៏ដូចជាសមាជិកដ៏ទៃទៀត... ទីស្នាក់ការកណ្តាលចារកម្ម Mossad ដ៏សំខាន់មួយនៅក្នុងតំបន់ Kurdistan របស់អ៉ីរ៉ាក់ ត្រូវបានបំផ្លាញដោយមីស៉ីលផ្លោង។ យើងសូមធានាដល់ប្រជាជាតិថា ប្រតិបត្តិការវាយលុករបស់ឆ្មាំបដិវត្តន៍ នឹងបន្តរហូតដល់ការសងសឹកឈានដល់ដំណាក់ចុងកាលក្រោយ»។ ក្រៅពីនេះ អ៉ីរ៉ង់ក៏បានប្តេជ្ញាសងសឹកចំពោះការសម្លាប់សមាជិកឆ្មាំបដិវត្តន៍ ៣នាក់នៅឯស៉ីរី កាលពីខែធ្នូ រួមទាំងមេបញ្ជាការឆ្មាំជាន់ខ្ពស់ម្នាក់ ដែលបានបម្រើការជាទីប្រឹក្សាយោធានៅទីនោះផងដែរ។

គួរបញ្ជាក់ថា ការវាយប្រហារនេះ កើតឡើងចំពេលមានការព្រួយបារម្ភអំពីការកើនឡើងនៃជម្លោះ ដែលអាចរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមរវាងអ៉ីស្រាអែល និងហាម៉ាសផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ដោយសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ បានហក់ចូលទៅក្នុងជម្លោះនេះចេញពីប្រទេសលីបង់ ស៉ីរី អ៉ីរ៉ាក់ និងយេម៉ែន៕

 

រូបភាពពី Reuters